ក្រុមហ៊ុនផ្គត់ផ្គង់ MacBook របស់ Apple គ្រោងបោះទុន ១២០លានដុល្លារ សង់រោងចក្រនៅវៀតណាម

អន្តរជាតិ

ថ្មីៗនេះ បើតាមរដ្ឋាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា ក្រុមហ៊ុន Quanta Computer ដែលជាអ្នកផ្គត់ផ្គង់ផលិតផល MacBook សម្រាប់ក្រុមហ៊ុន Apple គ្រោងនឹងសាងសង់រោងចក្រ នៅភាគខាងជើងរបស់ប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពី AsiaFinancial បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុន Quanta បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធររបស់ខេត្ត Nam Dinh ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ពីទីក្រុងហាណូយ ដើម្បីសាងសង់រោងចក្ររបស់ខ្លួន នៅទីនោះ ។

លើសពីនេះ ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រថ្មីនេះ នឹងក្លាយជារោងចក្រទី ៩ របស់ខ្លួន នៅទូទាំងពិភពលោក ហើយវាក៏នឹងក្លាយជារោងចក្រដំបូងបង្អស់ ដែលគ្រប់ដណ្តប់ទៅលើផ្ទៃដីរហូតដល់ទៅ ២២,៥ ហិកតា ។

ទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្រុមហ៊ុន Quanta នឹងបោះទុនវិនិយោគរហូតដល់ទៅ ១២០លានដុល្លារ នៅក្នុងរោងចក្រថ្មីរបស់ខ្លួននេះ ប៉ុន្តែខាងក្រុមហ៊ុន នៅមិនទាន់បានផ្តល់ព័ត៌មានច្បាស់លាស់អំពីសមត្ថភាពផលិត និងពេលវេលា ក្នុងការសាងសង់ នៅឡើយនោះទេ ៕