ការមកដល់របស់ភ្ញៀវទេសចរចិន ក្នុងប្រទេសថៃឆ្នាំនេះ អាចនឹងតិចជាងការរំពឹងទុក

អន្តរជាតិ

ចំនួនភ្ញៀវទេសចរចិន ដែលធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃ ប្រហែលជាមិនអាចសម្រេចបានទៅតាមគោលដៅ ដែលបានកំណត់ទុកចំនួន ៥ លាននាក់ នៅឆ្នាំនេះ នោះឡើយ បន្ទាប់ពីបានមើលឃើញពីតួលេខ នៅក្នុងរយ:ពេល ៤ ខែកន្លងមកនេះ មានចំនួនតិចជាងគេរំពឹងទុករួចទៅហើយ។ នេះបើតាមកចុះផ្សាយពី VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sisdivachr Cheewarattanaporn ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ (Atta) បាននិយាយថា ឧស្សាហកម្មទេសចរណ៍របស់ថៃ ត្រូវការរង់ចាំដល់ឆមាសទីពីរ នៃឆ្នាំនេះ ដើម្បីអាចទទួលបានការវាយតម្លៃកាន់តែច្បាស់ អំពីចំនួនភ្ញៀវទេសចរចិន បន្ទាប់ពីបានមើលឃើញពីការធ្លាក់ចុះ ក្នុងរយ:ពេល ៤ ខែដំបូងមកនេះ ។

គួរឱ្យដឹងថា ដោយគិតត្រឹមថ្ងៃទី ១៨ ខែមេសា ចំនួនភ្ញៀវទេសចរចិន បានកើនឡើងប្រហែល ៦៩៥ ០០០ នាក់ ពោលគឺមានត្រឹមតែ ១៤% ប៉ុណ្ណោះ ពីគោលដៅដែលរំពឹងទុក សម្រាប់ឆ្នាំ ២០២៣ នេះ ។ ​

ចំនួននៃការមកដល់របស់ភ្ញៀវទេសចរចិន ក្នុងរយ:ពេល ២ ខែដំបូង ឆ្នាំនេះ បានកើនឡើងដល់ ២៤៧ ៤៩៧ នាក់ មុនពេលទទួលបានការកើនឡើងបណ្តើរៗ រហូតដល់ចំនួន ២៦៩ ៧៤៥ នាក់ នៅក្នុងខែមីនា ដោយសារតែជើងហោះហើរកាន់តែច្រើន ត្រូវបានបន្ថែម ។

តែទោះជាយ៉ាងណាក៏ដោយ លោក Sisdivachr បាននិយាយថា ក្រៅពីតែពីសមត្ថភាពដឹកជញ្ជូនអ្នកដំណើរមិនគ្រប់គ្រាន់ហើយ រួមទាំងការកើនឡើងថ្លៃធ្វើដំណើរ ទើបធ្វើឱ្យអ្នកទេសចរ ដែលចង់មកលេងនៅប្រទេសថៃ ត្រូវប្រឈមមុខជាមួយនឹងឧបសគ្គ រួមទាំងការស្នើសុំទិដ្ឋាការផងដែរ ។

លើសពីនេះ លោក Sisdivachr ក៏បានទទួលស្គាល់ទៀតផងដែរថា ជាមួយនឹងឧបសគ្គទៅលើទិដ្ឋាការ វាប្រហែលជាពិបាក ក្នុងការសម្រេចបានការមកដល់របស់ភ្ញៀវទេសចរ ក្នុងចំនួន ៥ លាននាក់ នៅឆ្នាំនេះ លុះត្រាតែមានការកើនឡើងខ្លាំង នៅក្នុងឆមាសទីពីរខាងមុខ ។

ជម្រាបជូនផងដែរថា ប្រទេសថៃ បានកត់ត្រាការមកដល់របស់ចំនួនភ្ញៀវទេសចរបរទេសជិត ៦,៥ លាននាក់ នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែមានចំនួនតិចជាង ការមកដល់របស់ភ្ញៀវទេសចរបរទេស ចំនួន ១០,៧ លាននាក់ ដែលសម្រេចបាន ក្នុងរយ:ពេលដូចគ្នា នៅឆ្នាំ ២០១៩ ៕