កាលពីថ្ងៃទី ២៤ មេសាកន្លងទៅ ក្រុមហ៊ុន China Evergrande Group បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ New Energy Vehicle Group នឹងលក់អាជីវកម្ម ២ កន្លែង ដើម្បីយកប្រាក់រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា New Energy Vehicle Group នឹងទទួលបានប្រាក់ប្រហែល ២៤,៧៩ពាន់លានយ៉ន់ ឬប្រហែល ៣,៦ពាន់លានដុល្លារ ពីការលក់ក្រុមហ៊ុន Ace Ltd និង Assemble Guard Ltd ទៅកាន់ក្រុមហ៊ុន Anxin Holding។
ដោយឡែក ក្រុមហ៊ុនមេ Evergrande ក៏បានបង្ហើបដែរថា រចនាសម្ព័ន្ធថ្មីនោះ នឹងផ្ដោតសំខាន់លើវិស័យផលិតយានយន្ត ទាំងយានយន្តអគ្គិសនី និងប្រភេទ Hybrid។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ Evergrande កំពុងសម្រុកពង្រីកខ្លួនលើច្រើនវិស័យ ដើម្បីបង្កើនប្រាក់ចំណូលតាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបំណុលដែលកំពុងមានរាប់រយពាន់លានដុល្លារ៕