ណែនាំឱ្យស្គាល់គ្រួសារមហាសេដ្ឋីមានឥទ្ធិពលបំផុត នៅវៀតណាម

អន្តរជាតិ

វៀតណាម ត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលមានក្រុមអ្នកធុរកិច្ចដ៏មានឥទ្ធិពលជាច្រើន កំពុងឈរជើងរកស៊ី ទាំងនៅក្នុងស្រុក និងថែមទាំងអាចឈានទៅកាន់ទីផ្សារអន្តរជាតិផងដែរ ហើយពួកគេទាំងនោះ ក៏ត្រូវបានចាត់ទុកថា បានដើរតួយ៉ាងសំខាន់ នៅក្នុងឆ្អឺងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល ថែមទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះគេហទំព័រ​ឧកញ៉ា​ញ៉ូស៍ សូមលើកយកគ្រួសារមហាសេដ្ឋីដ៏មានអំណាចខ្លាំងបំផុត នៅក្នុងប្រទេសវៀតណាម ចំនួន ២ មកចែកជូនប្រិយមិត្តឱ្យបានដឹង ។

-គ្រួសារមហាសេដ្ឋី Pham Nhat Vuong

គ្រួសាររបស់លោក Vuong និងភរិយារបស់លោក គឺលោកស្រី Pham Thu Huong ត្រូវបានដឹងថា មានអាជីវកម្មធំៗជាច្រើន នៅក្នុងដៃ និងនាំមុខគេនៅក្នុងប្រទេស ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ហើយមួយក្នុងចំណោមនោះ គឺក្រុមហ៊ុនមេ Vingroup ដែលជាសាជីវកម្មឯកជនធំបំផុតរបស់វៀតណាម និងមានតម្លៃទីផ្សារធ្លាប់ហក់ឡើងដល់ខ្ពស់បំផុត ចំនួន ៤០០ទ្រីលានដុង ឬ ១៧ពាន់លានដុល្លារ ឯណោះ។

យ៉ាងណាមិញ លោក Vuong គឺជាមហាសេដ្ឋីលុយពាន់លានដុល្លារដំបូងគេ និងជាអ្នកជំនួញ ដែលមានជាងគេបំផុត នៅក្នុងទីផ្សារភាគហ៊ុនរបស់វៀតណាម ក្នុងរយ:ពេល ១០ ឆ្នាំចុងក្រោយ ចាប់តាំងពីឆ្នាំ ២០១៣ មក។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

មិនតែប៉ុណ្ណោះ គាត់ នឹងគ្រួសាររបស់គាត់ ក៏បានគ្រប់គ្រងអាជីវកម្ម ដែលមានតម្លៃរាប់ពាន់លានដុល្លារផ្សេងទៀតផងដែរ រួមទាំងក្រុមហ៊ុន Vinhomes (VHM) ដែលជាផ្តោតលើអាជីវកម្មអចលនទ្រព្យដ៏ធំបំផុត ក៏ដូចជាក្រុមហ៊ុន VinFast ដែលជាអាជីវកម្មរថយន្តអគ្គិសនីតែមួយគត់ នៅក្នុងប្រទេស ។

បន្ថែមពីនោះ គឺនៅមានក្រុមហ៊ុន ​Vinpearl ដែលជាខ្សែសង្វាក់អាជីវកម្មសណ្ឋាគារ មានរហូតដល់ទៅ ១៨ ៥០០ នៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុន​ Vietnam Investment Group (VIG) ដែលជាមូលនិធិវិនិយោគឯកជន ខណ:ក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៦ ផ្សេងទៀត ដូចជា VinBigData, VinAI, VinBrain, VinHMS, VinCSS និង VinITIS ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Vingroup ផងដែរ ។

-គ្រួសារមហាសេដ្ឋី Nguyen Dang Quang

លោក Quang ត្រូវបានគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាល និងស្ថាបនិក ក៏ដូចជាអ្នកដឹកនាំក្រុមហ៊ុន Masan Group (MSN) ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយ ប្រតិបត្តិការទៅលើវិស័យទំនិញប្រើប្រាស់ជាច្រើន រួមទាំងអាហារ ហិរញ្ញវត្ថុ ការរុករករ៉ែ និងការលក់រាយ ផងដែរ ។

គួរឱ្យដឹងថា គិតនៅត្រឹមខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន MSN ដែលគ្រប់គ្រងដោយលោក Quang និងភរិយារបស់គាត់ មានតម្លៃទីផ្សារប្រមាណ ៥ពាន់លានដុល្លារ ។

ក្រុមហ៊ុនឯកជនខាងលើនេះ ដំណើរការប្រព័ន្ធអេកូសហគ្រាស ដែលមានប្រតិបត្តិការ ក្នុងវិស័យអាជីវកម្មជាច្រើន ដោយ MSN បានកាន់កាប់ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធដោយផ្ទាល់ចំនួន ៤ និងកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល រួមទាំងសាខារាប់សិបទៀតផងដែរ ។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ រួមមានអាជីវកម្មលក់រាយ (WinCommerce-CrownX) , ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ (Masan Consumer) , ក្រុមហ៊ុនចិញ្ចឹម និងកែច្នៃសាច់ (MeatLife) , ក្រុមហ៊ុនទូរគមនាគមន៍ (Wintel) , ក្រុមហ៊ុនតែគុជ (Phuc Long) និងអាជីវកម្មជីកយករ៉ែ (Masan Hightech Materials) ។

ជម្រាបជូនផងដែរថា លោក Quang ត្រូវបានគេដាក់ឈ្មោះចូលទៅក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៩ , ២០២១ , ២០២២ និង ២០២៣ នេះ។ ហើយឈ្មោះរបស់លោក ត្រូវបានលេចឡើងក្នុងបញ្ជីចុងក្រោយ នៅដើមខែមេសា ជាមួយទ្រព្យសម្បត្តិសរុបចំនួន ១,៣ពាន់លានដុល្លារ ៕