រដ្ឋាភិបាលប្រទេសថៃ បានធ្វើការប្រកាសកាលពីថ្ងៃទី ២៣ ខែមេសាកន្លងទៅថា អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួន គិតនៅត្រឹមចុងខែកុម្ភ: បានធ្លាក់ចុះក្រោម ១% ជាលើកដំបូង ក្នុងរយ:ពេល ៤ ឆ្នាំចុងក្រោយ ដែលជាសញ្ញាមួយ បង្ហាញថាសេដ្ឋកិច្ចថៃ កំពុងមានភាពប្រសើរឡើងវិញ ។
អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Trisulee Trisaranakul បានដកស្រង់របាយការណ៍ចេញពីការិយាល័យស្ថិតិជាតិ (NSO) មកបង្ហាញឱ្យដឹងថា អត្រាអ្នកអត់ការងារធ្វើ នៅចុងខែកុម្ភ: បានធ្លាក់ចុះមកនៅត្រឹម ០,៩% ធៀបនឹង ១% កាលពីចុងឆ្នាំមុន ។
លោកស្រី បានបន្ថែមឱ្យដឹងទៀតថា ពេលវេលាចុងក្រោយ ដែលអត្រាអ្នកអត់ការងារធ្វើ ធ្លាក់ចុះក្រោម ១% គឺត្រូវបានកត់ត្រា នៅក្នុងខែតុលា ឆ្នាំ ២០១៩ នៅពេលដែលប្រទេសថៃ កំពុងទទួលបានកំណើនសេដ្ឋកិច្ចធម្មតា រួមទាំងវិស័យទេសចរណ៍មានភាពរឹងមាំខ្លាំង មុនពេលត្រូវទទួលរងគ្រោះ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នៅដើមឆ្នាំ ២០២០ ។
លើសពីនេះ របាយកាណ៍ពី NSO បានបង្ហាញឱ្យដឹងទៀតថា ប្រជាជនថៃចំនួន ៤០,៤៩ លាននាក់ ក្នុងចំណោម ៥៨,៨១ លាននាក់ ដែលមានអាយុលើសពី ១៥ ឆ្នាំ បានចូលបម្រើការងារ ខណ:ចំនួននៅសល់ ១៨,៣២ លាននាក់ មិនត្រូវបានរាប់បញ្ចូលក្នុងកម្លាំងពលកម្មនោះឡើយ រួមទាំងសិស្ស ស្រី្តមេផ្ទះ និងជនពិការ ៕