កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយថា នឹងមានកិច្ចប្រជុំកំពូលចតុភាគី ធ្វើឡើងនៅទីក្រុង Sydney ដោយមានការចូលរួមពីមេដឹកនាំកំពូលៗមកពីប្រទេសដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន។ នេះបើតាមការចុះផ្សាយពី Kelo។

“ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ Quad Leaders’ Summit ធ្វើឡើងជាលើកដំបូងនៅប្រទេសអូស្ត្រាលី ក្នុងទីក្រុង Sydney។ កិច្ចប្រជុំមួយនេះ ប្តេជ្ញាគាំទ្រដល់ការបើកចំហ ស្ថិរភាព និងវិបុលភាពឥណ្ឌូប៉ាស៊ីហ្វិក ដែលគោរពអធិបតេយ្យភាព និងធានាសន្តិសុខ និងការរីកចម្រើនសម្រាប់ទាំងអស់គ្នា”។ នេះបើតាមសម្ដីមេដឹកនាំអូស្ត្រាលីបាននិយាយ។
បន្ថែមពីនោះ លោកក៏បានអះអាងថា មេដឹកនាំទាំងអស់នឹងជជែកគ្នាពីវិធីសាស្ត្រ ដែលប្រទេសទាំង ៤ អាចធ្វើការរួមគ្នា រាប់បញ្ចូលទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងវេទិកាកោះប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំតំបន់។
គួររំលឹកដែរថា ឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គឺជាសមាជិកនៃក្រុម Quad ដែលជាក្រុមក្រៅផ្លូវការ ដែលទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញឱ្យធ្វើការជាកម្លាំងការពារដ៏មានសក្តានុពលប្រឆាំង នឹងការកើនឡើងនៃសកម្មភាពនយោបាយ ពាណិជ្ជកម្ម និងយោធារបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក៕