តម្លៃផ្ទះឯកជន ក្នុងទីក្រុងហុងកុង នៅក្នុងខែមីនាកន្លងទៅ ត្រូវបានគេរាយការណ៍មកថា បានបន្តកើនឡើង ១,៤% ពោលគឺជាការកើនឡើងសម្រាប់ខែទី ៣ ជាប់ៗគ្នាហើយ ចាប់តាំងព្រំដែន ត្រូវបើកដំណើរការឡើងវិញ ជាមួយប្រទេសចិន រួមទាំងការបង្កើតវិធានការថ្មីៗ ទៅលើវិស័យអចលនទ្រព្យ នាពេលចុងក្រោយនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
មិនតែប៉ុណ្ណោះ យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃពុធនេះថា វិស័យអចលនទ្រព្យនៅក្នុងទីក្រុងហុងកុង ហាក់កំពុងទទួលបានភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានការកើនឡើងតម្លៃផ្ទះ ជាបន្តបន្ទាប់ ខណ:កាលពីខែកុម្ភ:កន្លងទៅ បានកើនឡើងដល់ ២,៤%។
គួរឱ្យដឹងផងដែរថា តម្លៃផ្ទះ នៅក្នុងទីក្រុង ដែលត្រូវបានចាត់ទុកថាជាមជ្ឈបណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយនេះ ត្រូវបានក្រុមហ៊ុនស្ទង់មតិ Demographia ចាត់ថ្នាក់ថាជាទីក្រុង ដែលមានតម្លៃរស់នៅសមរម្យបំផុត នៅលើពិភពលោក សម្រាប់រយ:ពេល ១៣ ឆ្នាំជាប់ៗគ្នា នៅពេលដែលតម្លៃអចលនទ្រព្យនៅប្រទេសនេះ បានស្ទុះងើបឡើវិញ ៥% នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ បន្ទាប់ពីមានការធ្លាក់ចុះរហូតដល់ទៅ ១៥% កាលពីឆ្នាំ ២០២២ ។
ជម្រាបជូនផងដែរថា ការធ្លាក់ចុះ នៅក្នុងឆ្នាំ ២០២២ គឺជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៨ មក ដោយទីផ្សារអចលនទ្រព្យ ត្រូវបានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចទន់ខ្សោយ ការកើនឡើងតម្លៃកម្ចីទិញផ្ទះ ក៏ដូចជាការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ផងដែរ ៕