កិច្ចព្រមព្រៀងចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ គឺកំពុងជាប់គាំង ហើយរុស្ស៊ីបានទម្លាក់កំហុសនេះទៅលើលោកខាងលិចទាំងស្រុង។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថា លោកខាងលិចជាអ្នកនាំរឿង ដ្បិតខាងរុស្ស៊ីធ្លាប់ដាក់សំណើមួយចំនួន ទើបយល់ព្រមបន្តបើកច្រកសមុទ្រខ្មៅតទៅ ដ្បិតកុងត្រាសព្វថ្ងៃនឹងផុតនៅថ្ងៃទី ១៨ ឧសភា។
គួររំលឹកដែរថា រុស្ស៊ីបានចុះកុងត្រារយៈពេល ៣ឆ្នាំកាលពីខែកក្កដាកន្លងទៅ ដោយអង្គការសហប្រជាជាតិ យល់ព្រមជួយ និងលុបបំបាត់ឧបសគ្គទាំងអស់ ដែលរារាំងរុស្ស៊ីក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។
បើទោះជាទំនិញនាំចេញទាំងនោះ មិនស្ថិតក្រោមគំនាបទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីអះអាងថា ការរឹតបន្តឹងលើការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គចំពោះការដឹកជញ្ជូនទំនិញទាំងនោះ។
គួរជម្រាបដែរថា គ្រាប់ធញ្ញជាតិជិត ២៩លានតោន ត្រូវបាននាំចេញតាមច្រកសមុទ្រខ្មៅ ខណៈ ៦,៧លានតោនត្រូវនាំចេញទៅកាន់ប្រទេសចិន៕