ប្រធានាធិបតីកូរ៉េខាងត្បូង ស្កាត់ជួបជាមួយមេធំ Tesla ចរចាគម្រោងវិនិយោគខ្នាតយក្ស

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក​រយៈពេល ៦ថ្ងៃ ហើយក្រៅពីជួបប្រជុំជាមួយ​ប្រធានាធិបតីអាមេរិក ចូ បៃដិន ថ្នាក់ដឹកនាំកូរ៉េខាងត្បូង​ក៏​បាន​ជួបពិភាក្សាជាមួយ​មហាសេដ្ឋីអាមេរិក Elon Musk ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Yonhap បានឲ្យដឹងថា លោក Yoon និងមេធំ Tesla បាន​ជួបគ្នា​នៅទីក្រុង Washington ដោយជជែកពី​លទ្ធភាពវិនិយោគ​នៅ​កូរ៉េខាងត្បូង និងលើកសរសើរកូរ៉េខាងត្បូងថា ជាប្រទេសដ៏ល្អសម្រាប់ក្រុមហ៊ុន Tesla ក្នុងការសាងសង់​រោងចក្រ​ដ៏ធំសម្បើម ដោយលើកឡើងពីមនុស្សយន្តឧស្សាហកម្មដ៏ទំនើប និងបុគ្គលិក​ដែលមាន​ជំនាញខ្ពស់​នៅទីនោះ។

បន្ថែមពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូង​ថែមទាំង​ដាក់សំណើ​ទៅកាន់ Elon Musk ថា នឹងផ្ដល់​ជំនួយ​គ្រប់បែបយ៉ាង រាប់បញ្ចូលទាំង​អត្ថប្រយោជន៍ពន្ធ ដើម្បីទាក់ទាញ​ក្រុមហ៊ុន​រថយន្តអគ្គិសនី​ខ្នាតយក្សមួយនេះ។

ដោយឡែក Elon Musk ក៏បាន​ឆ្លើយតបវិញថា កូរ៉េខាងត្បូងនៅតែជា​បេក្ខភាពជួរមុខ​ សម្រាប់​គម្រោងសាងសង់រោងចក្រខ្នាតយក្ស​របស់ Tesla ហើយលោកនឹងឆ្លៀតពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មហាអំណាចសេដ្ឋកិច្ច​នៅ​អាស៊ីមួយនេះ។

គួររំលឹកដែរថា មួយរយៈកាលចុងក្រោយ​ Tesla ព្យាយាមពង្រីកខ្លួន​កាន់តែធំ​តាមដែល​អាច​ធ្វើ​ទៅបាន តួយ៉ាងទើបនឹងប្រកាសថ្មីថ្មោង​ចំពោះគម្រោងសាងសង់​រោងចក្រនៅម៉ិកស៊ិក ខណៈកាណាដា និងឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកថាជាគោលដៅ​បន្ទាប់ ក្នុងការសាងសង់​រោងចក្រ​ផលិត​រថយន្ត​របស់ Tesla៕