លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនលោកខាងលិច ដើម្បីជាការសងសឹក

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើទៅលើក្រឹត្យមួយស្តីពីការរឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្នទៅលើក្រុមហ៊ុនថាមពលបរទេសចំនួនពីរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានអះអាងឱ្យដឹងថា ក្រឹត្យនេះ អាចជាសញ្ញាមួយបង្ហាញថារដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងធ្វើការសងសឹងទៅលើប្រទេសលោកខាងលិច បន្ទាប់ពីពួកគេ បានចាត់វិធានការស្រដៀងគ្នានេះ ប្រឆាំងទៅនឹងក្រុមហ៊ុនរបស់រុស្ស៊ី ។

គួរឱ្យដឹងថា ក្រុមហ៊ុនបរទេសចំនួនពីរ ដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការរឹបអូសទ្រព្យសម្បត្តិមកកាន់កាប់ជាបណ្តោះអាសន្ននោះ មានដូចជាក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ Fortum Oyj និងក្រុមហ៊ុនអាល្លឺម៉ង់ Uniper SE ដែលក្រុមហ៊ុនទាំង ២ នេះ កំពុងដំណើរការរោងចក្រថាមពល នៅក្នុងប្រទេសរុស្ស៊ី ។

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបង្ហាញឱ្យដឹងទៀតថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនថាមពលទាំង ២ នេះ នឹងត្រូវដាក់ឱ្យនៅក្នុងការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ Rosimushchestvo ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលរស្ស៊ី ។

យ៉ាងណាមិញចំពោះវិធានការក្តៅរបស់រុស្ស៊ីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Carles Michel បាននិយាយកាលពីខែតុលា ឆ្នាំមុនថា សហភាពអឺរ៉ុប កំពុងសម្លឹងរកមើលឱកាស ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ី ដែលត្រូវបានបង្កក បន្ទាប់ពីមានការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីបង្វែជូនទៅជួយកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ៕