ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mark Zuckerberg មានការកើនឡើងខ្ពស់រហូតដល់ ១០ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតលើកទី ៣ បន្ទាប់ពីប្រាក់ចំណូលត្រីមាសទីមួយរបស់ Meta Platforms Inc ទទួលបានច្រើនលើសការរំពឹងទុក។
យោងតាមការចុះផ្សាយពី The Star បានបង្ហាញថា តម្លៃហ៊ុនរបស់ Meta កើនឡើងប្រហែល ១៤% ក្រោយទម្លាយទិន្នន័យប្រាក់ចំណូលត្រីមាសរបស់ខ្លួន ស្របពេលការកើនឡើងនោះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់មេធំ Facebook កើនដល់ ៨៧,៣ពាន់លានដុល្លារផងដែរ។
ដោយឡែក Bloomberg Billionaires Index ក៏បានបញ្ជាក់ដែរថា ទំហំទឹកប្រាក់នេះកើនឡើងខ្ពស់បំផុត សម្រាប់រយៈពេលជាងមួយឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន Mark Zuckerberg កំពុងឈរនៅលេខរៀងទី ១២ នៃបញ្ជីមហាសេដ្ឋីមានបំផុតលើលោក។
សូមជម្រាបដែរថា Mark ធ្លាប់កើបលុយបានប្រហែល ១០ពាន់លានដុល្លារ ៣លើក ដោយលើកទីមួយកាលពីឆ្នាំទៅ ១១ពាន់លានដុល្លារ ខណៈលើកទី ២ កាលពីថ្ងៃទី ០២ កុម្ភៈ ប្រមាណ ១២,៥ពាន់លានដុល្លារ និងលើកចុងក្រោយនេះគឺថ្ងៃទី ២៧ មេសា ប្រមាណ ១០ពាន់លានដុល្លារ៕