ការងើបឡើងវិញនៃវិស័យទេសចរណ៍ ធ្វើឱ្យការចាយវាយលើអចលនទ្រព្យនៅថៃ ហក់ឡើងខ្ពស់

អន្តរជាតិ

ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃ បានធ្វើឱ្យមានការជះឥទ្ធិពលវិជ្ជមាន ទៅលើតម្រូវការលំនៅឋាន និងការជួសជុលអចលនទ្រព្យ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ទូទាំងប្រទេស ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Weerapun Ungsumalee នាយកគ្រប់គ្រងក្រុមហ៊ុន Home Product Center Plc ដែលរកស៊ីទៅលើការតុបតែងគេហដ្ឋាន និងហាង បាននិយាយថា កំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ត្រូវបានជំរុញដោយការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។

មិនតែប៉ុណ្ណោះ លោក Weerapun បានបន្តទៀតថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ បាននាំឱ្យមានការកើនឡើងនៃការចំណាយទៅលើការជួសជុលអចលនទ្រព្យ និងការកែលម្អតំបន់ទេសចរណ៍សំខាន់ៗ ។

ទន្ទឹមនឹងនេះ លោក Pringprai Nitayanont អគ្គនាយករងនៃក្រុមហ៊ុន Karat Enterprise (Thailand) បាននិយាយថា តម្រូវការសម្រាប់ផលិតផលរបស់ក្រុមហ៊ុនលោក មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅខេត្តភូកេត និងប៉ាតាយ៉ា ក្នុងអំឡុងត្រីមាសទីមួយឆ្នាំនេះ ដោយកត់សម្គាល់ឃើញថាអតិថិជនរបស់ខ្លួននៅខេត្តទាំងពីរនេះ បានផ្តោតសំខាន់ទៅលើគម្រោងដែលមានតម្លៃខ្ពស់ ជាពិសេសសណ្ឋាគារ និងរមណីយដ្ឋាន ដែលបម្រើភ្ញៀវទេសចរបរទេស ។

យ៉ាងណាមិញ លោក Tritecha Tangmatitham ដែលនាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន Supalai Plc បានមានប្រសាសន៍ថា តម្រូវការលំនៅឋានក្នុងខេត្តផ្សេងៗ បានបន្តកើនឡើង ភាគច្រើន ដោយសារតែការត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស។

ជម្រាបជូនផងដែរថា ការលក់របស់ក្រុមហ៊ុន Supalai ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ បានឈានដល់ ៩ពាន់លានបាត ពោលគឺបានកើនឡើង ២២% ធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២២ និងកើនឡើង ២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕