លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅប្រទេសថៃ ដ្បិតកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទើបនឹងសម្រាលបុត្រថ្មីថ្មោង ខណៈបច្ចុប្បន្នលោកស្រីក៏ជាបេក្ខភាពជួរមុខ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃផងដែរ។

យោងតាមការចុះផ្សាយពី TheGuardian បានបង្ហាញថា លោកស្រី ផែថុងថាន បានសម្រាលកូនប្រុសម្នាក់ មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ២ សប្ដាហ៍ ខណៈកូនប្រុសរបស់លោកស្រីមានឈ្មោះថា Prutthasin Sooksawas និងមានឈ្មោះហៅក្រៅថា Thasin។


ជាមួយនឹងវត្តមានចៅប្រុសថ្មី លោក ថាក់ស៊ីន បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ “ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ចំពោះវត្តមានរបស់ចៅទី ០៧។ ចៅទាំង ០៧ របស់ខ្ញុំបានកើតនៅពេលដែលខ្ញុំរស់នៅប្រទេសក្រៅ។ ខ្ញុំសុំការអនុញ្ញាតិចំពោះការត្រឡប់មកវិញ និងមើលថែចៅៗខ្ញុំ ព្រោះខ្ញុំនឹងមានអាយុ ៧៤ឆ្នាំ នៅខែកក្កដានេះហើយ”។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ មានចចាមអារ៉ាមថា លោក ថាក់ស៊ីន មានក្ដីរំពឹងខ្ពស់ក្នុងការត្រឡប់ចូលស្រុកកំណើតវិញ បើសិនជាកូនស្រីពៅជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែលោកស្រី ផែថុងថាន និងគណបក្សភឿថៃធ្លាប់អះអាងថា បច្ចុប្បន្ននឹងផ្ដោតតែលើការងារបោះឆ្នោត ជាជាងក្ដីបំណងចង់ជួយឪពុកវិលចូលស្រុកទេសវិញ៕