នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបង្ហើបឲ្យដឹងថា លោកមានបំណងចង់បំពេញទស្សនកិច្ចទៅកូរ៉េខាងត្បូងនាសប្ដាហ៍ក្រោយ ដើម្បីជួបជជែកជាមួយប្រធានាធិបតី Yoon Suk-yeol។ នេះបើតាមការចុះផ្សាយពី CNA។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់កូរ៉េខាងត្បូង តាំងពីឆ្នាំ ២០១៨ ខណៈកន្លងមកប្រទេសជិតខាងទាំង ២ នេះធ្លាប់មានភាពល្អក់កករជាមួយគ្នា ដោយសារជប៉ុនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ អំឡុងពេលសង្គ្រាមលោកលើកទី ២។
“ពួកយើងកំពុងរៀបចំគម្រោងទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នាថ្ងៃទី ០៧ និង ០៨ ឧសភា បើសិនជាកាលៈទេសៈអំណោយផល”។ នេះបើតាមសម្ដីរបស់លោក Kishida បាននិយាយនៅក្នុងប្រទេសហ្គាណា។
បន្ថែមពីនោះ នាយករដ្ឋមន្ត្រីជប៉ុនបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចមុនកិច្ចប្រជុំ G7 គឺជាឱកាសដ៏ល្អ ដើម្បីរៀបចំការផ្លាស់ប្តូរមតិដោយស្មោះត្រង់ លើការពន្លឿនទំនាក់ទំនងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងស្ថានភាពអន្តរជាតិដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕