ចំពោះដំណើរទស្សនកិច្ចលើកដំបូង ហ្វីលីពីនចង់ពង្រឹងទំនាក់ទំនងលើវិស័យ ៣ ធំៗ ជាមួយអាមេរិក

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្ហាញថា ប្រទេសរបស់លោក ចង់ធ្វើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត ទៅលើវិស័យថាមពល អាកាសធាតុ និងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទ ។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Asia Financial ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បាននិយាយថា លោក Marcos អាចនឹងធ្វើការពិភាក្សាអំពីភាពតានតឹងនៅកោះតៃវ៉ាន់ ជាមួយភាគី លោក Joe Biden ផងដែរ នៅឯសេតវិមាន ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីហ្វីលីពីន ទំនងជាចង់ផ្តោតសំខាន់លើការពិភាក្សាទៅលើពាណិជ្ជកម្ម និងការវិនិយោគច្រើនជាង ។

មិនតែប៉ុណ្ណោះ លោក Romualdez ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក Maarcos ផងនោះ បាននិយាយបន្ថែមទៀតថា ប្រទេសហ្វីលីពីន ចង់ឱ្យសភាអាមេរិក បន្តផ្តល់សិទ្ធិពាណិជ្ជកម្មបន្ថែម សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ នៅពេលដែលវាត្រូវបានផុតកំណត់ កាលពីឆ្នាំ ២០២០ ។

លើសពីនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនរូបនេះ បានបន្តទៀតថា ៖ ” ប្រាកដណាស់ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មទីមួយរបស់ហ្វីលីពីន។ ហើយជប៉ុនក៏ជាដៃគូពាណិជ្ជកម្មដ៏ធំមួយផងដែរ។ ដូច្នេះហើយសហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដែលយើងចង់មានលទ្ធភាពធ្វើពាណិជ្ជកម្មជាមួយបន្ថែមទៀត ” ។

ជម្រាបជូនផងដែរថា កិច្ចពិភាក្សានេះ នឹងក្លាយជាជំនួបចុងក្រោយមួយ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់ ដែលហ្វីលីពីន ធ្លាប់បានធ្វើឡើងជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងចិន ចំពេលកំពុងប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ កំពុងសម្លឹងរកមើលផលប្រយោជន៍ជាយុទ្ធសសាស្រ្ត នៅក្នុងតំបន់ ៕