ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី បានធ្វើកត់ត្រាអំពីការកើនឡើងដល់ ២០,២% សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ខណ:ត្រូវបានជំរុញយ៉ាងខ្លាំង ដោយឧស្សាហកម្មដែក ចំពេលមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជុំវិញការជំរុញទៅលើការវិនិយោគលើវិស័យរ៉ែ។
បើយោងទៅតាមទិន្នន័យដែលទទួលបានពីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញឱ្យដឹងថា គិតត្រឹមត្រីមាសទី ១ ឆ្នាំនេះ FDI ដែលមិនរាប់បញ្ចូលលើការវិនិយោគក្នុងវិស័យធនាគារ ប្រេង និងឧស្ម័ន មានតម្លៃ ១៧៧ទ្រីលានរីងហ្គីត ( ១១,៩៦ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៤៣,៣% បើធៀបនឹងត្រីមាសចុងក្រោយ ក្នុងឆ្នាំ ២០២២ ។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ លោក Bahlil Lahadalia បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យផលិតកម្ម ជាពិសេសទៅលើឧស្សាហកម្មលោកធាតុ នៅត្រីមាសទី ១ នេះ បានជាប់ចំណាត់ថ្នាក់លើគេ ដែលវាបានបង្ហាញយ៉ាងច្បាស់ពីផលវិជ្ជមាសចំពោះគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការផ្តល់តម្លៃបន្ថែមទៅធនធានធម្មជាតិ ដែលមាននៅក្នុងប្រទេស ។
មិនតែប៉ុណ្ណោះ បើតាមទិន្នន័យរបស់ក្រសួងខាងលើ បានបង្ហាញឱ្យដឹងទៀតថា ប្រទេសសិង្ហបុរី ហុងកុង និងប្រទេសចិន បានផ្តល់ចំណែកធំបំផុត សម្រាប់ FDI របស់ឥណ្ឌូនេស៊ី នៅក្នុងត្រីមាសទី១ នេះ ជាមួយនឹងសិង្ហបុរី បានវិនិយោគក្នុងចំនួនទឹកប្រាក់ ៤,៣ពាន់លានដុល្លារ , ហុងកុង វិនិយោគ ១,៥ពាន់លានដុល្លារ និងចិន វិនិយោគ ១,២ពាន់លានដុល្លារ៕