ថ្មីៗនេះ ក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូង បានធ្វើការប្តេជ្ញាថានឹងបញ្ឈប់ការលក់គ្រឿងចក្ររបស់ខ្លួន ពីការប្រើប្រាស់សម្រាប់ជីករករ៉ែខុសច្បាប់ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការស៊ើបអង្កេតដោយក្រុមសកម្មជន Greenpeace ដែលបានបង្ហាញឱ្យដឹងពីការប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុន Hyundai យ៉ាងច្រើន សម្រាប់ការជីកយករ៉ែមាសខុសច្បាប់ ក្នុងតំបន់ជនជាតិដើមភាគតិច នៅប្រទេសប្រេស៊ីល ។
គួរឱ្យដឹងថា ក្រុមហ៊ុន HD Hyundai Construction Equipment បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងឈប់លក់គ្រឿងចក្រធុនធ្ងន់របស់ខ្លួនទាំងអស់ នៅក្នុងរដ្ឋមួយចំនួនរបស់ប្រេស៊ីល ដូចជា Amazonas, Roraima និង Para ។
លើសពីនេះ ក្រុមហ៊ុនបាននិយាយបន្ថែមទៀតថា ខ្លួននឹងធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីការពារបរិស្ថាន នៅតំបន់ព្រៃអាម៉ាហ្សូន និងតំបន់ជនជាតិដើមភាគតិច រួមទាំងនឹងចូលរួមសហការជាមួយរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល ក្នុងកម្រិតចាំបាច់មួយ សម្រាប់គោលដៅធំមួយនេះ។
លើសពីនេះទៅទៀត ក្រុមហ៊ុន Hyundai ក៏នឹងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន BMG ផងដែរ ដែលជាក្រុមហ៊ុនចែកចាយគ្រឿងចក្រធំមួយនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីរកឃើញថាពួកគេបានលក់ ទៅឱ្យក្រុមអ្នកជីករ៉ែខុសច្បាប់ ៕