យោងតាមការប្រកាសរបស់ក្រសួងការបរទេស បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា លោកបណ្ឌិត ថងលូន ស៊ីសូលីត (Thongloun Sisoutlith) ប្រធានាធិបតីរបស់ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ នេះ ដោយលោកនឹងមានជំនួបសំខាន់ៗ ជាមួយថ្នាក់ដឹកនាំកម្ពុជា រួមទាំងចូលរួមក្នុងការបើកការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
យ៉ាងណាមិញ ថ្ងៃនេះគេហទំព័រឧកញ៉ាញូស៍ នឹងលើកយកជីវប្រវត្តិខ្លះរបស់ លោក ថងលូន ស៊ីសូលីត មកចែកជូនឱ្យបានដឹងដូចខាងក្រោម ៖
លោក ថងលូន ស៊ីសូលីត (Thongloun Sisoutlith) គឺជាអ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយឡាវដ៏មានឥទ្ធិពលមួយរូប ដោយលោកបានចូលបម្រើការជាអគ្គលេខាធិការបក្សបដិវត្តន៍ឡាវ ចាប់តាំងពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ និងបានឡើងកាន់តំណែងជាប្រធានាធិបតីរបស់ឡាវ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ។
លោក ស៊ីសូលីត កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ នៅក្នុងខេត្ត Houaphan ប្រទេសឡាវ។ លោកបានចូលរៀននៅក្នុងមហាវិទ្យាល័យគរុកោសល្យ Neo Lao Hak Sat នៅក្នុងស្រុកកំណើតផ្ទាល់ ចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៩។
មិនតែប៉ុណ្ណោះ លោក ស៊ីសូលីត ក៏ទទួលបានការអប់រំបន្ថែមទៀត នៅសហភាពសូវៀត និងប្រទេសវៀតណាមផងដែរ ហើយក្រៅតែពីភាសាឡាវ លោកក៏អាចប្រើប្រាស់ភាសាជាច្រើនទៀត ដូចជា វៀតណាម រុស្ស៊ី និងអង់គ្លេស ។
លោក ស៊ីសូលីត បានក្លាយជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ឡាវ ចាប់ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩២ និងបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាភាពសង្គម ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៧ និងជាសមាជិករដ្ឋសភា ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០។
លោក ស៊ីសូលីត បានក្លាយជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការផែនការរដ្ឋ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០០១ ហើយលោកត្រូវបានតែងតាំងបន្ថែម ជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០០៦។ រហូតដល់ឆ្នាំ ២០១៦ លោកត្រូវបានគេជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីរបស់ឡាវ ក្នុងសមាជបក្ស លើកទី ១០ ។
លុះដល់ឆ្នាំ ២០២១ នៅក្នុងសមាជជាតិលើកទី ១១ លោក ស៊ីសូលីត ត្រូវបានជ្រើសរើសជាអគ្គលេខាបក្ស និងក្លាយជាប្រធានាធិបតីរបស់ប្រទេសឡាវ ស្របពេលតំណែងនេះ បានធ្វើឱ្យលោកក្លាយជាមេដឹកនាំឡាវដំបូងគេ ដែលមិនមានប្រវត្តិចូលបម្រើយោធា ៕