កាលពីពេលថ្មីៗនេះ សេវាសន្តិសុខអ៊ុយក្រែន ហៅកាត់ SBU បានប្រកាសថា ពួកគេបានរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ប្រហែល ២៨០លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Reuters។
ប្រភពដដែលបានបន្ថែមថា មហាសេដ្ឋីដែលត្រូវបានអ៊ុយក្រែនរឹបអូសទ្រព្យសម្បត្តិមានឈ្មោះថា Vadym Novynskyi ខណៈលោកត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនរឹបអូសទ្រព្យសម្បត្តិអស់ ២ លើករួចមកហើយ។
ការរឹបអូសលើកដំបូងកើតមានឡើងនៅខែធ្នូឆ្នាំទៅ ខណៈការរឹបអូសចុងក្រោយធ្វើឡើងនៅក្នុងខែមេសា ដោយអ៊ុយក្រែនរឹបអូសបានទ្រព្យសម្បត្តិប្រហែល ៩៦លានដុល្លារ ប៉ុន្តែអ្នកនាំពាក្យរបស់មហាសេដ្ឋីរូបនេះសុំមិនបញ្ចេញមតិទាក់ទងនឹងបញ្ហាមួយនេះ ដោយគ្រាន់តែនិយាយថា ទ្រព្យសម្បត្តិទាំងនោះមិនមែនជារបស់លោក Novynskyi ឡើយ។
បើទោះជាកំពុងរងការចោទប្រកាន់ពីអ៊ុយក្រែនថាបានជួយដល់រុស្ស៊ីក្ដី ប៉ុន្តែមហាសេដ្ឋីម្នាក់នេះធ្លាប់បានប្រកាសក្ដែងៗថា រូបលោកបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៊ី ហើយលោកក៏ជាជនរងគ្រោះម្នាក់នៅក្នុងល្បែងនយោបាយរបស់រុស្ស៊ីផងដែរ៕