យោងតាមរដ្ឋមន្ត្រីវិនិយោគលោក Bahlil Lahadalia ថ្មីៗនេះ បានបង្ហើបប្រាប់ឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ទទួលបានការវិនិយោគសរុបក្នុងចំនួនទឹកប្រាក់ ៣២៨,៩ទ្រីលានរីងហ្គីត (២២,៤ពាន់លានដុល្លារ) រួចទៅហើយ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើង ១៦,៥% ធៀបទៅនឹងឆ្នាំមុន ។
ដោយនិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Bahlil បាននិយាយទៀតថា បើទោះបីជាឆ្នាំ ២០២៣ នេះ ឥណ្ឌូនេស៊ី កំពុងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ជាពិសេសនៅមុនការបោះឆ្នោតសកលត្រូវធ្វើឡើងក៏ដោយ ប៉ុន្តែទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅតែមានកំណើនខ្លាំង ។
គួរឱ្យដឹងថា សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ឥណ្ឌូនេស៊ី មានចំនួន ៥៣,៨% នៃការវិនិយោគសរុប ក្នុងត្រីមាសទី ១ ឆ្នាំនេះ ជាមួយនឹងជំនួនទឹកប្រាក់ប្រមាណ ១៧៧ទ្រីលានរីងហ្គីត ។
យ៉ាងណាមិញ លោហ: ផលិតផលលោហ: និងឧស្សាហកម្មគ្រឿងបន្លាស់ គឺជាចំណែកធំបំផុតមួយ សម្រាប់ការទាក់ទាញការវិនិយោគ មកកាន់ប្រទេសឥណ្ឌូនេស៊ី ដោយឧស្សាហកម្មទាំងនេះ បានទាក់ទាញបានទឹកប្រាក់ចំនួន ៤៦,៧ទ្រីលានរីងហ្គីត នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៣ នេះ ។
ជម្រាបជូនទៀតផងដែរថា ឥណ្ឌូនេស៊ី បាននិងកំពុងស្វែងរកការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត តាមរយ:ការចរចាជាមួយនឹងក្រុមហ៊ុនធំៗ នាពេលថ្មីៗនេះ ជាពិសេសរួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនគីមីខ្នាតយក្សរបស់អាល្លឺម៉ង់ BASF និងក្រុមហ៊ុនផលិតរថយន្ត Volkswagen ផងដែរ ទាក់ទិននឹងគម្រោងផលិតអាគុយរថយន្តអគ្គិសនី ជាមួយនឹងទំហំទឹកប្រាក់វិនិយោគរហូតដល់ ២,៦ពាន់លានដុល្លារ ៕