ក្រុមហ៊ុន Apple Inc បានចាប់ផ្ដើមពង្រីកទីផ្សារទូរស័ព្ទឆ្លាតវៃរបស់ខ្លួនកាន់តែខ្លាំង ដោយចាប់ផ្ដើមពីប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបានបន្ថែមថា ប្រទេសឥណ្ឌាអាចនឹងក្លាយជាទីផ្សារចំបងរបស់ Apple ដ្បិតថ្មីៗនេះក្រុមហ៊ុនបានបើកសាខាចំនួន ២ នៅទីក្រុង Mumbai និង New Delhi ហើយបើទោះជា Apple មិនបញ្ចេញទិន្នន័យប្រាក់ចំណេញនៅទីនោះ ប៉ុន្តែនាយកប្រតិបត្តិ Tim Cook អះអាងថា ក្រុមហ៊ុនទទួលប្រាក់ចំណេញច្រើនពីឥណ្ឌា។
គួររំលឹកដែរថា Apple គឺជាក្រុមហ៊ុនទទួលប្រាក់ចំណេញច្រើនបំផុតទី ២ នៅឥណ្ឌាសម្រាប់ឆ្នាំ ២០២២ ចាញ់តែក្រុមហ៊ុន Samsung មួយគត់ ពោលក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ក្ដោបក្ដាប់ទីផ្សារស្មាតហ្វូននៅឥណ្ឌា ១៨%។
បន្ថែមពីនោះ លោក Cook បានសង្កត់ធ្ងន់ថា លោកបានសម្លឹងឃើញឱកាសជាច្រើនសម្រាប់ Apple នៅប្រទេសឥណ្ឌា ដ្បិតប្រជាជននៅទីនោះកំពុងងាកចាប់អារម្មណ៍ នឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ប៉ុន្តែ Apple អាចនឹងចាយពេលយូរបន្តិច ទម្រាំក្ដោបក្ដាប់បានទីផ្សារធំ៕