BYD បន្តជ្រើសរើសយកវៀតណាម ធ្វើជាមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួន បន្ទាប់ពីថៃ

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានបង្ហាញថា នឹងបង្កើតមូលដ្ឋានផលិតកម្មរថយន្ត និងគ្រឿងបន្លាស់ នៅក្នុងខេត្ត Phu Tho របស់ប្រទេសវៀតណាម ដើម្បីបន្ថែមការផ្គត់ផ្គង់ សម្រាប់ទីផ្សារក្នុងស្រុក និងនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បានប្រាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Houng Ha ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួននឹងធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តអគ្គិសនី ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត នៅក្នុងប្រទេសនេះ ។

លើសពីនេះ លោក Wang បានបន្ថែមទៀតថា BYD ក៏នឹងបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការផលិតរថយន្តអគ្គិសនី ហើយចង់ឱ្យរដ្ឋាភិបាលវៀតណាម បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជួយបង្កើនការវិនិយោគនេះ ឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបានផងដែរ ។

គួរឱ្យដឹងថា BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន ហើយបច្ចុប្បន្នកំពុងសាងសង់រោងចក្រនៅក្រៅប្រទេសដំបូងបង្អស់របស់ខ្លួន នៅក្នុងប្រទេសថៃ ផងដែរ ។

ជម្រាបជូនទៀតផងដែរថា បើតាមការចុះផ្សាយពី Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន BYD កំពុងបាននិងកំពុងពិចារណាជ្រើសរើសយកប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បន្ថែមពីលើប្រទេសវៀតណាម សម្រាប់ការបង្កើតរោងចក្រថ្មីរបស់ខ្លួនបន្ថែមទៀត៕