ទំហំពាណិជ្ជកម្មវៀតណាម ធ្លាក់ចុះខ្លាំងក្នុងរយៈពេល ៤ខែតំបូង

អន្តរជាតិ

ទំហំពាណិជ្ជកម្មវៀតណាម​រយៈពេល ៤ខែតំបូងនាឆ្នាំ ២០២៣នេះ មានការធ្លាក់ចុះជាខ្លាំង បើធៀបនឹងឆ្នាំទៅ បណ្ដាលឲ្យគោលដៅបង្កើនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ​ថយចុះ ដោយសារ​តម្រូវការ​សកល​ធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការនាំចេញរបស់វៀតណាម​សម្រាប់​រយៈពេល ៤ខែតំបូង ធ្លាក់ចុះ ១៣% មកត្រឹម ១០៧,១ពាន់លានដុល្លារ ខណៈ​ស្មាតហ្វូត​ដែលជា​ផលិត​នាំចេញ​ច្រើនបំផុត ធ្លាក់ចុះ ១៨,១% មកត្រឹម ១៧,៣ពាន់លានដុល្លារ។

ដោយឡែក ការនាំចូលចន្លោះខែមករា ដល់ខែមេសាក៏ថយចុះ ១៧,៧% មកនៅត្រឹម ៩៩,៦ពាន់​លានដុល្លារ ដែលធ្វើឲ្យមានអតិរេកពាណិជ្ជកម្ម ៧,៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍​ពី​ខាងគយ។

ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចូល អាចបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនាពេលខាងមុខនៅក្នុងផលិតកម្មឧស្សាហកម្ម ដោយសារអាជីវកម្មកាត់បន្ថយការទិញវត្ថុធាតុដើម និងឧបករណ៍របស់ពួកគេ។

ទន្ទឹមនឹងនោះ សមាជិកសភារបស់ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ បានជំរុញឱ្យធនាគារកណ្តាលរបស់ខ្លួន ពិចារណាកាត់បន្ថយអត្រាគោលនយោបាយបន្ថែមទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ច បន្ទាប់ពីពួកគេបានកាត់បន្ថយអត្រាគោលនយោបាយជាច្រើនកាលពីខែមីនា៕