នៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវបញ្ចប់ ហើយទន្ទឹមនឹងនោះ បណ្ដាញសង្គមខ្នាតយក្សក្រុមហ៊ុន Meta Platforms បានបង្ហោះវីដេអូខ្លីមួយ ជាការអបអរសាទរជាមួយកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
យោងតាមការបង្ហោះដោយផ្ទាល់លើផេកផ្លូវការរបស់ Meta បានបង្ហោះវីដេអូដែលមានរយៈពេល ១៩ វិនាទី ជាមួយនឹងការសរសេរថា “អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅឆ្នាំ ២០២៣ នេះ! យើងខ្ញុំសូមជូនពរដល់អត្តពលិកទាំងអស់ជួបតែសំណាងល្អនិងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង។ សូមមកជុំគ្នាដើម្បីអបអរសាទរស្មារតីកីឡានិងការរួបរួមគ្នាក្នុងពេលដ៏រំភើបនេះ”។
អាចនិយាយបានថា ព្រឹត្តិការណ៍ SEA Game ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះសារនេះ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ដោយទទួលបានការចុះផ្សាយកោតសរសើរពីបណ្ដាញសង្គមអន្តរជាតិធំៗជាច្រើន។
សូមជម្រាបជូនដែរថា កម្ពុជាទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាលើកដំបូង ហើយបើទោះជាវាទើបជាការរៀបចំលើកដំបូងក៏ពិតមែន ប៉ុន្តែគ្រប់អត្តពលិកមកពីគ្រប់ប្រទេសសុទ្ធតែសរសើរពីការរៀបចំរបស់កម្ពុជា ទាំងផ្នែកបដិសណ្ឋារកិច្ច និងរឿងហូបចុកដែលកម្ពុជាជាអ្នករ៉ាប់រងទាំងអស់ មិនគិតប្រាក់មួយកាក់មួយសេនពីពួកគេឡើយ៕