អាស៊ាន បន្តអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សាទាំងស្រុង នៅមីយ៉ាន់ម៉ា

អន្តរជាតិ

មេដឹកនាំនៃសមាជិកសកម្មចំនួន ៩ ប្រទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន បានធ្វើការអំពាវនាវឱ្យមានការបញ្ចប់ទាំងស្រុងចំពោះអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានរយ:ពេលពីរថ្ងៃ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្តើមនៅថ្ងៃពុធនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំនៃប្រទេសជាសមាជិក បាននិយាយនៅក្នុងសេចក្តីថ្លែងការជារួមមួយថា ៖ ” យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើ​ហិង្សា​​​ ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយើងបានជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃហិង្សាតាមរយ:រូបភាពផ្សេងៗ និងការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្កើតឱ្យមានបរិយាកាសអំណោយផល សម្រាប់ការផ្តល់ជាជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងមានការសន្ទនាថ្នាក់ជាតិជារួម ” ។

គួរឱ្យដឹងផងដែរថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរ ចាប់តាំងពីរបបយោធា បានធ្វើការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិតេយ្យរបស់លោកស្រី Aung San Suu Kyi កាលពីក្នុងខែកុម្ភ: ឆ្នាំ ២០២១ មក ។ ​

ចំពោះរដ្ឋប្រហារភ្លាមៗនេះ បានបង្កឱ្យមានបាតុកម្មទ្រង់ទា្រយធំ ប្រឆាំងទៅនឹងរបបយោធា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលនាំឱ្យមានការស្លាប់របស់ជនស៊ីវិលច្រើនជាង ៣ ពាន់នាក់ និងមានការចាប់ខ្លួនពលរដ្ឋលើសពី ១៨ ​០០០ នាក់ ផងដែរ ។

ជម្រាបជូនផងដែរថា ជុំវិញបញ្ហានេះ អាស៊ានបានចេញផែនការធំៗចំនួន ៥ ចំណុច ក្នុងគោលបំណងដើម្បីបញ្ចប់អំពើហិង្សា ក្នុងកិច្ចព្រមព្រៀងមួយ ដែលសម្រេចបានជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា។ ប៉ុន្តែយ៉ាងណាក៏ដោយ របបយោធា ដែលដឹកនាំដោយ លោក Min Aung Hlaing នៅមិនទាន់បានធ្វើតាម ក្នុងការអនុវត្តផែនការជាក់ស្តែងនោះឡើយ ដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំងថា អាស៊ានមិនមានជាប់ពាក់ព័ន្ធ៕