ថ្មីៗនេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក លោក Koji Tomita បាននិយាយថា ប្រទេសជប៉ុន កំពុងដំណើរការឆ្ពោះទៅរកការបើកការិយាល័យទំនាក់ទំនងដំបូង របស់អង្គការណាតូ នៅក្នុងទីក្រុងតូក្យូ ។
ដូចដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Nikkei Asia បានបង្ហាញថា លោក Tomita បានធ្វើការអត្ថាធិប្បាយ អំឡុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយ National Press Clup ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានលើកឡើងថា សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋាអាមេរិក កំពុងរៀបចំផែនការ ក្នុងការបើកការិយាល័យទំនាក់ទំនង ដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់ នៅក្នុងតំបន់នេះ ។
លើសពីនេះ ឯកអគ្គរដ្ឋទូតជប៉ុនរូបនេះ បានមានប្រសាសន៍ថា ៖ ” ចំណុចធំមួយ ដែលក្រុមសារព័ត៌មានបានលើកឡើងអំពីការបើកការិយាល័យនេះ គឺជារឿងមួយ ដែលយើងកំពុងធ្វើការលើ ដើម្បីបន្តពង្រឹងភាពជាដៃគូរបស់យើង។ ប៉ុន្តែខ្ញុំមិនទាន់អាចធ្វើការបញ្ជាក់ចុងក្រោយណាមួយ អំពីរឿងនេះបាននៅឡើយទេ ប៉ុន្តែច្បាស់ណាស់ យើងកំពុងធ្វើការលើវា ” ។
គួរឱ្យដឹងផងដែរថា ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលលោក Tomita នឹងត្រូវធ្វើសេចក្តីសង្ខេប សម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា ខាងមុខ ដោយលោកបានបន្ថែមថា កិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើវិធីសាស្រ្ត ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន ផងដែរ ។
មិនតែប៉ុណ្ណោះ Nikkei Asia ក៏បានបង្ហាញទៀតផងដែរថា ការិយាល័យទំនាក់ទំនងនេះ អាចនឹងត្រូវបើកជាផ្លូវការនៅឆ្នាំក្រោយ ហើយនឹងអនុញ្ញាតឱ្យមានការពិភាក្សាជាមួយដៃគូសន្តិសុខរបស់អង្គការណាតូ ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ទាក់ទិនបញ្ហាប្រឈមលើភូមិសាស្រ្តនយោបាយ ពីសំណាក់ប្រទេសចិន និងរុស្ស៊ី ៕