មានទីផ្សារខ្លាំង! ឡាវកើបលុយបានជាង ៥០០លានដុល្លារ លើការនាំចេញកសិផល ត្រឹមត្រីមាសទី១

អន្តរជាតិ

ការនាំចេញទំនិញកសិផលរបស់ប្រទេសឡាវ ក្នុងរយ:ពេលបីខែដំបូងឆ្នាំ ២០២៣ នេះ បានកើនឡើងដល់ ៣ លានតោន ក្នុងតម្លៃជាង ៥០៧លានដុល្លារអាមេរិក ពោលគឺលើសពី ៥០% នៃគោលដៅដែលបានគ្រោងទុក សម្រាប់ពេញមួយឆ្នាំនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bounchan Kombounyasith អគ្គនាយកនៃនាយកដ្ឋានកសិកម្ម ដែលស្ថិតនៅក្រោមក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន បានធ្វើការនាំចេញផលិតផលដំណាំសរុបចំនួន ៣ ០៣២ ៥១៧ តោន ក្នុងត្រីមាសទី១ នៃឆ្នាំនេះ ដែលមានតម្លៃសរុបប្រមាណ ៥០៧,៦លានដុល្លារ ស្មើនឹង ៥៦,៤% នៃគោលដៅសម្រាប់ឆ្នាំ ២០២៣ និងកើនឡើង ៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

គួរឱ្យដឹងផងដែរថា សម្រាប់ទំនិញកសិផលសំខាន់ៗ ដែលត្រូវបាននាំចេញទៅក្រៅប្រទេស មានដូចជា ដំឡូងមី ១,៩ លានតោន , អំពៅ ២៣០ ៩៨៧ តោន , ចេក ២៦៩ ៩៧៩ តោន , ឪឡឹក ៨៦ ៤២០ តោន និងពោត ៤៩ ៣២៥ តោន ។

ជម្រាបជូនថា សម្រាប់ទីផ្សារសំខាន់ៗ ដែលប្រទេសឡាវ បាននាំចេញទំនិញកសិផលរបស់ខ្លួនទៅច្រើនជាងគេ មានដូចជាប្រទេសចិន វៀតណាម និងថៃ ជាដើម៕