កាលពីថ្ងៃទី ១០ ឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសថា លោកនឹងត្រៀមបើកទ្វារស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខែមិថុនាខាងមុខ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចផ្លូវការខាងលើ នឹងបង្កើនទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា សម្រាប់ការប្តេជ្ញាចិត្តរួមគ្នា ចំពោះការ បើកចំហ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី វិបុលភាព និងសុវត្ថិភាព។
បន្ថែមពីនោះ រដ្ឋាភិបាលក្រុង Washington មានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ដើម្បីទប់ទល់នឹងការពង្រីកខ្លួនរបស់ចិននៅទ្វីបអាស៊ី ស្របពេលរដ្ឋាភិបាលក្រុង New Delhi ក៏កំពុងមានការព្រួយបារម្ភពីបញ្ហាមួយនេះដូចគ្នា។

សូមជម្រាបដែរថា វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកតំបូងរបស់លោក Modi ទៅកាន់សហរដ្ឋអាមេរិក ដ្បិតកាលពីឆ្នាំ ២០២១ លោកធ្លាប់ទៅទស្សនកិច្ចនៅសេតវិមានម្ដងដែរ ប៉ុន្តែគ្រានោះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចតុភាគីរវាងអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា៕