រដ្ឋាភិបាលអ៊ីតាលីនៅមិនទាន់សម្រេចពីការបោះបង់កិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយរដ្ឋាភិបាលចិនឡើយ ដោយកំពុងចរចាជាមួយគ្នាឡើងវិញ។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បាននិយាយ។
លោកស្រីក៏បាននិយាយថា៖ “ពួកយើងនៅមិនទាន់ធ្វើការសម្រេចចិត្តឡើយ ខណៈការចរចានៅតែបើកចំហរដដែល”។
គួររំលឹកដែរថា អ៊ីតាលីបានចុះកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” កាលពីឆ្នាំ ២០១៩ បើទោះជាមានការជំទាស់ពីសហរដ្ឋអាមេរិក ស្របពេលកតិកាសញ្ញានេះនឹងត្រូវចុះកិច្ចព្រមព្រៀងបន្តនៅចុងឆ្នាំនេះ ហើយលោកស្រី Meloni បាននិយាយថា សភានឹងចូលរួមក្នុងការពិភាក្សាអំពីអនាគតរបស់កិច្ចព្រមព្រៀងមួយនេះ។
សូមជម្រាបដែរថា គិតត្រឹមខែមីនា ឆ្នាំ ២០២២ សមាជិកនៃកិច្ចព្រមព្រៀង BRI មានរហូតដល់ ១៤៩ ប្រទេសឯណោះ ដោយក្នុងនោះ ៤៤ប្រទេសស្ថិតនៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក ៣៥ប្រទេសនៅអឺរ៉ុប និងអាស៊ីកណ្តាល ២៥ប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ២១ប្រទេសនៅអាមេរិកឡាទីន និងការាបៀន ១៨ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និង ៦ប្រទេសនៅអាស៊ីអាគ្នេយ៍៕