ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈធំបំផុតរបស់ Apple Inc គឺក្រុមហ៊ុនតៃវ៉ាន់ Foxconn បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទីមួយ ដែលមានការខាតបង់ប្រហែល ៥៦% ឯណោះ ខណៈវាគឺជាការខាតបង់ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រាក់ចំណេញប្រចាំក្រុមហ៊ុនខ្នាតយក្សមួយនេះចន្លោះពីខែមករា ដល់មីនា បានធ្លាក់មកនៅត្រឹម ១២,៨ពាន់លានដុល្លារតៃវ៉ាន់ ឬប្រមាណ ៤១៧,១៧លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនដែលមានរហូតដល់ ២៩,៤៥ពាន់លានដុល្លារតៃវ៉ាន់។
នៅមិនទាន់អស់ទេ ក្រុមហ៊ុន Foxconn បានចេញមុខបង្ហើបថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ពួកគេអាចនឹងធ្លាក់ចុះបន្ថែមទៀតនាត្រីមាសបន្ទាប់ ដោយសារតែទីផ្សារស្មាតហ្វូនមិនសូវត្រូវប៉ាន់ដូចមុន ខណៈប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃក្រុមហ៊ុនបានមកពីការលក់ទូរស័ព្ទ។
សូមជម្រាបដែរថា ក្រុមហ៊ុនបានប្រឈមមុខរួចជាស្រេចជាមួយបញ្ហាមួយនេះ ដ្បិតកាលពីដើមឆ្នាំពួកគេព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសអាចនឹងធ្លាក់ចុះ ខណៈប្រាក់ចំណូលប្រចាំឆ្នាំ ២០២៣នេះ ក៏អាចនឹងមិនមានច្រើនដូចឆ្នាំទៅដែរ៕