ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ីមានការកើនឡើងខ្ពស់ តាំងពីបើកទំព័រឆ្នាំ ២០២៣ ពោលតួលេខនៃការនាំចេញ និងនាំចូលនៃប្រទេសទាំង ២ គឺកើនគួរឲ្យកត់សម្គាល់។

យោងតាមរបាយការណ៍ពីរដ្ឋបាលទូទៅនៃគយចិនបានបង្ហាញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនច្រើនជាង ៤៣% ទទួលបានទឹកប្រាក់ប្រមាណ ៧៣ពាន់លានដុល្លារចន្លោះខែមករា ដល់ខែមេសា បើធៀបនឹងឆ្នាំទៅ។

ការនាំចេញទំនិញពីចិន ទៅរុស្ស៊ីកើនឡើងប្រហែល ៦៧,២% ក្នុងទំហំទឹកប្រាក់ ៣៣,៦ពាន់លានដុល្លារ ខណៈការនាំចូលកើនឡើងប្រហែល ២៥% ប្រមាណ ៣៩,៤ពាន់លានដុល្លារ។
ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី បានឈានដល់កំណត់ត្រាខ្ពស់បំផុតកាលពីឆ្នាំ ២០២២ កើនឡើងជិតមួយភាគបី ចំពេលមានទណ្ឌកម្មលោកខាងលិចមកលើទីក្រុងម៉ូស្គូ ហើយយោងតាមលទ្ធផលត្រីមាសទីមួយ ពាណិជ្ជកម្មទ្វេភាគីកំពុងស្ថិតនៅលើផ្លូវដែលនឹងលើសពី ២០០ពាន់លានដុល្លារនៅឆ្នាំនេះ៕