បន្ទាប់ពីបានមើលឃើញពីភាពជោគជ័យនៃគម្រោងសមាហរណកម្មថាមពល រវាង ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី មក នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង កាលពីថ្ងៃពុធទី ១០ ខែឧសភា កន្លងទៅ បានធ្វើការអំពាវនាវឱ្យអាស៊ាន បន្តធ្វើការជាមួយគ្នា ដើម្បីឆ្ពោះទៅរកការតភ្ជាប់ថាមពលជារួមមួយ ។ នេះបើតាមការចុះផ្សាយពី CNA ។
លោក លី បានបន្តទៀថា ការតភ្ជាប់បណ្តាញថាមពលក្នុងតំបន់រួមគ្នា អាចនឹងជួយពង្រឹងសន្តិសុខថាមពល និងភាពធន់នៅក្នុងរដ្ឋជាសមាជិក ក៏ដូចជាអាចនឹងជួយកាត់បន្ថយការបំភាយឧស្ម័នពុល នៅក្នុងតំបន់បានថែមទៀតផង ។
លោក លី បានលើកឡើងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ដោយបង្ហាញថា “ការជួញដូរថាមពលពហុភាគីនៅក្នុងតំបន់គឺអាចធ្វើទៅបាន” បន្ទាប់ពីគម្រោងរបស់ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ទទួលបានភាពជោគជ័យ។
គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរី បានចាប់ផ្តើមនាំចូលថាមពលកកើតឡើងវិញ ពីប្រទេសឡាវ តាមរយ:ប្រទេសថៃ និងម៉ាឡេស៊ី នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ មក ខណ:រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Gan Kim Yong បានបង្ហាញថា អគ្គិសនីជាង ១៧០ ០០០ មេហ្គាវ៉ាត់ម៉ោង ត្រូវបាននាំចូលមកកាន់ប្រទេសសិង្ហបុរី ពីប្រទេសឡាវ ចាប់ពិថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែតុលា ក្នុងឆ្នាំ ២០២២ នោះ ហើយលំហូរនៃចរន្តអគ្គសនីនេះ គឺមានស្ថេរភាព ៕