រដ្ឋមន្ត្រីអូស្ត្រាលី ធ្វើដំណើរទៅចិន ដោះស្រាយរនាំងពាណិជ្ជកម្ម

អន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អូស្ត្រាលី ថ្មីៗនេះ បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងបេសកម្មដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងឡាយពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ និងការហាមឃាត់ក្រៅផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Don Farrell បាននិយាយថា លោកមានគោលបំណងធំ ដើម្បីធានាចំពោះពាណិជ្ជកម្ម ដែលមិនមានការរឹតបន្តឹងជាមួយចិន ខណ:ប្រទេសនេះ ត្រូវបានចាត់ទុកថាជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ជាមួយនឹងទំនិញសំខាន់ៗដូចជារ៉ែដែក និងធ្យូងថ្ម ។

មិនតែប៉ុណ្ណោះ លោក Farrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុនកិច្ចប្រជុំជាផ្លូវការ នៅថ្ងៃសុក្រនេះថា ៖” ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ខ្ញុំនឹងព្យាយាមតស៊ូមតិឱ្យអស់ពីសមត្ថភាព សម្រាប់ការបន្តឡើងវិញ នៃការនាំចេញរបស់អូស្រ្តាលី ដោយគ្មានការហាមឃាត់អ្វីទាំងអស់ ទៅកាន់ប្រទេសចិន សម្រាប់គ្រប់វិស័យ ” ។

គួរឱ្យដឹងផងដែរថា លោក Farrell នឹងត្រូវជួបចរចាផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការបើកទំនាក់ទំនងពាណិជ្ជកម្មពេញលេញឡើងវិញ ដើម្បីផ្តល់ជាប្រយោជន៍រួមដល់ការនាំចេញ និងក្រុមហ៊ុនអាជីវកម្ម រវាងប្រទេសទាំងពីរ ។

ជម្រាបជូនផងដែរថា កិច្ចប្រជុំនេះ នឹងក្លាយជាជំនួបទល់មុខគ្នាជាលើកដំបូងរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ ២០១៩ មក ៕