ចិននឹងបញ្ជូនបេសកជនពិសេស ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី

អន្តរជាតិ

ប្រទេសចិន នឹងបញ្ជូនបេសកជនពិសេសម្នាក់ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន ពីថ្ងៃច័ន្ទទី ១៥ ឧសភា ខណៈនេះគឺជាការ​បញ្ជូន​រដ្ឋមន្ត្រីជាន់ខ្ពស់​របស់ចិន សម្រាប់​ដំណើរទស្សនកិច្ចទៅប្រទេស​កំពុង​មាន​សង្គ្រាមមួយនេះ​ជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេលប៉ុន្មានខែចុងក្រោយនេះ ចិនបានតាំងខ្លួនជាអ្នកសម្របសម្រួលដោះស្រាយបញ្ហា​ពិភពលោក ប៉ុន្តែទន្ទឹមនឹងនោះ​មហាអំណាចសេដ្ឋកិច្ចទី ២ ត្រូវរងការរិះគន់ ដោយសារបដិសេធ​មិន​ព្រម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើ​រុស្ស៊ី។

ដោយឡែក បេសកជនពិសេស​ដែលនឹងធ្វើដំណើរទៅ​អ៊ុយក្រែននោះគឺលោក Li Hui អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី​ពីឆ្នាំ ២០០៩ ដល់ ២០១៩ ដោយនឹងដឹកនាំគណៈ​ប្រតិភូ​អបដំណើរ​ជាមួយផង។ នេះបើតាមការចុះផ្សាយពី CNA។

ចំពោះដំណើរទស្សនកិច្ចមួយនេះ អ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin ក៏បង្ហើបដែរថា លោក Li នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីទំនាក់ទំនងជាមួយគ្រប់ភាគី លើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន៕