ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ បានបញ្ចប់កាលពីថ្ងៃទី ១៤ ឧសភាកន្លងទៅ ខណៈគិតត្រឹមម៉ោង ១០ព្រឹកនេះ ការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅរលូនប្រមាណ ៩៨% ដោយគណបក្សឆ្ពោះទៅមុខ (Move Forward Party) កំពុងទទួលបានសម្លេងគាំទ្រខ្លាំង។

យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា គណបក្ស MFP រំពឹងទទួលបានសម្លេងគាំទ្រ ១៤៩ អាសនៈ ខណៈគណបក្សភឿថៃកំពុងនៅលេខរៀងទី ២ ជាមួយនឹងសម្លេងគាំទ្រ ១៣៨ អាសនៈ វ៉ាដាច់គណបក្ស United Thai Nation របស់លោក ប្រាយុទ្ធ ចាន់អូចា។

បើទោះជាគណបក្សប្រឆាំងទទួលបានសម្លេងគាំទ្រស៊ីដាច់គណបក្សគាំទ្រដោយយោធាក្ដី ប៉ុន្តែបច្ចុប្បន្នការសម្រេចរកឃើញអ្នកឈ្នះ សម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
នោះក៏ព្រោះតែការបង្កើតយោធាបានធ្វើឱ្យប្រាកដថា ពួកគេនៅតែរក្សាការសម្រេចចិត្តដ៏ធំមួយថាអ្នកណាអាចដឹកនាំបាន បើទោះជាពួកគេចាញ់ការបោះឆ្នោតប្រជាប្រិយភាពក៏ដោយ។

ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មីមួយ គណបក្សមួយ ឬក្រុមចម្រុះ ត្រូវតែឈ្នះភាគច្រើននៃសភាជាន់ទាប និងជាន់ខ្ពស់ដែលមានអាសនៈចំនួន ៧៥០ រួមបញ្ចូលគ្នា។
ប៉ុន្តែនៅក្រោមរដ្ឋធម្មនុញ្ញសម័យរបបយោធា ព្រឹទ្ធសមាជិក ២៥០ អាសនៈរបស់ប្រទេសថៃ ត្រូវបានជ្រើសរើសដោយយោធាទាំងស្រុង ដែលមានន័យថា ពួកគេនឹងទំនងជាបោះឆ្នោតឱ្យបេក្ខជនគាំទ្រយោធា។
សូមជម្រាបដែរថា អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (ECT) នឹងធ្វើសន្និសីទសារព័ត៌មាននៅម៉ោង ១២ និង ៣០នាទី រសៀលនេះ ដើម្បីពន្យល់ពីវឌ្ឍនភាពជាមួយនឹងការរាប់សន្លឹកឆ្នោត៕