កាលពីថ្ងៃទី ១៤ ឧសភាកន្លងទៅ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃបានបញ្ចប់ ខណៈការរាប់សន្លឹកឆ្នោត ៩៩% បានបង្ហាញថា គណបក្សឆ្ពោះទៅមុខ Move Forward Party ទទួលបានសម្លេងគាំទ្រច្រើនបំផុត ប្រមាណ ១៥១ អាសនៈ ដែលក្នុងនោះ ១១២ អាសនៈបានពីការគាំទ្រក្នុងមណ្ឌល និង ៣៩ អាសនៈបានពីក្នុងបក្ស។
ដោយឡែក មេបក្សប្រឆាំងគឺមានឈ្មោះថា ភីថា លីមចារើនរ៉ាត់ ដែលជាអ្នកនយោបាយផង និងជាពាណិជ្ជករវ័យក្មេងមួយរូបផង ហើយបច្ចុប្បន្នលោកមានវ័យ ៤៣ឆ្នាំ។
មុនប្រឡូកលើឆាកនយោបាយ លោក ភីថា ធ្លាប់បញ្ចប់ការសិក្សាពីប្រទេសនូវែលហ្សេឡង់ ប៉ុន្តែបានវិលចូលស្រុកកំណើត ដោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat University ក្នុងឆ្នាំ ២០០២។
បុរសដែលកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកម្នាក់នេះ ក៏ធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ University of Texas និងក្រោយមកក្លាយជាជនជាតិថៃតំបូងគេ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យកំពូល Havard University ផងដែរ។
ក្នុងវ័យ ២៥ឆ្នាំ អំឡុងពេលបន្តថ្នាក់អនុបណ្ឌិតនៅអាមេរិក លោក ភីថា ត្រូវបង្ខំចិត្តត្រឡប់មកស្រុកថៃវិញ ដើម្បីគ្រប់គ្រងអាជីវកម្មបន្តពីឪពុកដែលបានចែកឋាន ហើយក្រោយឡើងកាន់តំណែងជានាយកគ្រប់គ្រងក្រុមហ៊ុន Agrifood បាន ២ឆ្នាំ ក្រុមហ៊ុនក៏ចាប់ផ្ដើមឈរជើងរឹងមាំវិញ ហើយបុរសម្នាក់នេះក៏វិលទៅបញ្ចប់ការសិក្សានៅអាមេរិកក្នុងឆ្នាំ ២០១១។
ចន្លោះឆ្នាំ ២០១៧ និង ២០១៨ លោកក៏ធ្លាប់កាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Grab Thailand និងជួយឲ្យក្រុមហ៊ុនរីកចម្រើនដូចដែលបានឃើញនាពេលសព្វថ្ងៃនេះ។
អាចនិយាយបានថា មានឈាមជ័រជាអ្នកនយោបាយដោយឪពុកធ្លាប់បម្រើការជាទីប្រឹក្សារដ្ឋមន្ត្រីកសិកម្ម និងមានពូ Padung Limjaroenrat ជាលេខាធិការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាមនុស្សជំនិតអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា លោក ភីថា ក៏ចាប់ប្រឡូកចូលឆាកនយោបាយក្នុងឆ្នាំ ២០១៩។
ហក់ចូលឆាកនយោបាយតំបូងជាមួយនឹងគណបក្ស Future Foward Party ហើយក្រោមការជ្រោមជ្រែងពីមេបក្ស Thanathorn Juangroongruangkit លោកក៏សម្រេចឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ ២០១៩ និងទទួលបានមួយអាសនៈក្នុងសភាតំណាងរាស្រ្ត ជាអ្នកតំណាងក្នុងបញ្ជីគណបក្សទីបួនសម្រាប់គណបក្សរបស់គាត់។
ក្រោយមក បន្ទាប់ពីមានការរំសាយបក្ស Future Foward Party លោកក៏បានបង្កើតគណបក្សមួយ ក្រោមឈ្មោះថ្មីថា Move Forward Party ដោយមានការចូលរួមពីសមាជិកសភា ៥៤ នាក់ផ្សេងទៀតនៃគណបក្សដែលត្រូវបានរំលាយ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាផ្លូវការនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០។
សម្រាប់ជីវិតឯកជនវិញមិនសូវមានព័ត៌មានទាក់ទងនឹងរូបលោកឡើយ ពោលគ្រាន់តែដឹងថា លោកធ្លាប់រៀបការជាមួយតារាសម្ដែងស្រី Chutima Teepanart កាលពីឆ្នាំ ២០១២ ដោយមានចំណងដៃកូនស្រីមួយឈ្មោះ Pipim ប៉ុន្តែពួកគេបានលែងលះគ្នាកាលពីឆ្នាំ ២០១៩៕