បេសកជនពិសេសចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅអ៊ុយក្រែន

អន្តរជាតិ

បេសកជនជាន់ខ្ពស់ចិន នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្ដា​ប្រទេស​នៅ​តំបន់អឺរ៉ុបជាច្រើនទៀត ចាប់ផ្ដើមពីថ្ងៃទី ១៥ ឧសភានេះតទៅ ជាមួយគោលបំណង​ពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Li Hui តំណាងពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅរុស្ស៊ី នឹង​បំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ ក្រៅពីប្រទេសអ៊ុយក្រែន និងរុស្ស៊ី។

ដោយឡែក មានដំណឹងមកថា អ៊ុយក្រែនអាចជា​កន្លែងចុះចត​តំបូង​សម្រាប់​ដំណើរទស្សនកិច្ច​ច្រើន​ប្រទេស​របស់​លោក Li ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេសចិន​មិនទាន់ចេញមុខ​បំភ្លឺ​លំអិត​ពី​ព័ត៌មាន​មួយ​នេះនៅឡើយ។

សូមជម្រាបដែរថា លោក Li គឺជាមន្ត្រីចិនជាន់ខ្ពស់​បំផុត​ដែលនឹង​បំពេញទស្សនកិច្ចទៅអ៊ុយក្រែន តាំងពីផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ ខណៈ​ដំណើរទស្សនកិច្ច​មួយ​នេះ​កើតឡើងប៉ុន្មានសប្ដាហ៍ ក្រោយ​ប្រធានាធិបតី ស៊ី ជិនពីង ជជែកគ្នា​ជាមួយ​ប្រធានាធិបតីអ៊ុយក្រែន​ Volodymyr Zelenskyy ជាលើកដំបូងតាមរយៈទូរស័ព្ទ កាលពីចុងខែមេសាកន្លងទៅ៕