នាថ្ងៃទី ១៥ ឧសភានេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ចក្រភពអង់ក្លេស ដើម្បីជួបជជែកជាមួយនាយករដ្ឋមន្ត្រី Rishi Sunak អំឡុងពេលបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា កាលពីចុងសប្ដាហ៍មុន លោក Zelenskyy បានជួបជាមួយថ្នាក់ដឹកនាំអាល្លឺម៉ង់ និងបារាំង ក៏ដូចជារដ្ឋមន្ត្រីអ៊ីតាលីមួយចំនួន ក្នុងការស្វែងរកជំនួយទាំងផ្នែកសព្វាវុធ និងហិរញ្ញវត្ថុសម្រាប់ប្រទេសអ៊ុយក្រែន។
“ចក្រភពអង់គ្លេសគឺជាអ្នកដឹកនាំនៅពេលនិយាយអំពីការពង្រីកសមត្ថភាពរបស់យើងនៅលើដី និងនៅលើអាកាស។ កិច្ចសហប្រតិបត្តិការនេះនឹងបន្តនៅថ្ងៃនេះ។ ខ្ញុំនឹងជួបជាមួយមិត្តសម្លាញ់ Rishi ហើយយើងនឹងមានការចរចាសំខាន់ៗទល់មុខគ្នា”។ នេះបើតាមការបង្ហោះសាររបស់ប្រធានាធិបតីអ៊ុយក្រែន។
សូមជម្រាបដែរថា កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលចាប់ផ្តើមផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់ខ្លួនវាយប្រហារលើកងទ័ពរុស្ស៊ី៕