អនុប្រធានគណបក្សរួបរួមជាតិថៃ (United Thai Nation Party) លោក Thanakorn Wangboonkongchana បាននិយាយថា លោកមិនគិតថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូរចា នឹងបន្តដើរលើឆាកនយោបាយទៀតទេ បន្ទាប់ពីគណបក្សរបស់លោកមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
លោក Thanakorn បាននិយាយប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក ថា៖ «គាត់ (ប្រាយុទ្ធ) មិនបាននិយាយវាទេ ប៉ុន្តែខ្ញុំគិតថា គាត់ប្រហែលជាបញ្ចប់វាត្រឹមហ្នឹងហើយ»។
សូមជម្រាបជូនបន្តិចថា ការបោះឆ្នោតសកល កាលពីថ្ងៃទី ១៥ ខែឧសភា បង្ហាញថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) និងគណបក្សភឿថៃ (Pheu Thai) ដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) ដែលត្រូវបានក្រុមយោធាមានទំនោរទៅរករបបរាជានិយមធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីឆ្នាំ២០០៦ ទទួលបានការគាំទ្រខ្លាំង ពោលគឺមាន ១៥២អាសនៈ និង ១៤១អាសនៈ ខណៈគណបក្សលោក ប្រាយុទ្ធ គណបក្សរួបរួមជាតិថៃ ទទួលបានសំឡេងត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ។
យ៉ាងណា សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃថ្មីនេះ នៅមិនទាន់អាចកំណត់អ្នកឈ្នះបាននៅឡើយ ពោលត្រូវរង់ចាំរហូតដល់ខែកក្កដា ទើបអាចសម្រេចបាន ខណៈបច្ចុប្បន្ន គណបក្សប្រឆាំង ដែលកំពុងនាំមុខបណ្ដោះអាសន្ន កំពុងស្វះស្វែងសហការជាមួយគណបក្សដទៃ ដើម្បីបង្គ្រប់អាសនៈ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ។
បើទោះបីជាលទ្ធផលបឋមបង្ហាញថា គណបក្សប្រឆាំងចំនួនពីរកំពុងនាំមុខគណបក្សកាន់អំណាចក្តី ក៏គណបក្សទាំងពីរនេះអាចពិបាកនឹងទទួលបានសំឡេងឆ្នោតច្រើនលើសលប់ ជាពិសេសសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា ដើម្បីបង្កើតរដ្ឋាភិបាល និងតែងតាំងនាយករដ្ឋមន្ត្រីថ្មីដោយខ្លួនឯង។
បើយោងតាមរដ្ឋធម្មនុញ្ញថៃ ដែលតាក់តែងដោយក្រុមយោធាថៃឆ្នាំ២០១៧ ក្រោយពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តម្រូវឱ្យសមាជិកព្រឹទ្ធសភាសរុប ២៥០នាក់ តែងតាំងដោយក្រុមយោធាថៃដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត មានអំណាចក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងគណបក្សទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថៃបាន បេក្ខជនត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ៣៧៦ សំឡេង ដែលជាសំឡេងបូកបញ្ចូលគ្នាពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា៕