បន្ទាប់ពីការបោះឆ្នោតជាសកលនៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់ទៅកាលពីថ្ងៃចន្ទ ទី ១៥ ខែឧសភា កន្លងទៅ គេបានរកឃើញថាគណ:បក្សឆ្ពោះទៅមុខ (Move Forward) ដែលគាំទ្រដោយអ្នកបោះឆ្នោតសុទ្ធសឹងតែជាយុវជនជាច្រើនលាននាក់ បានឈ្នះអាសន:ច្រើនជាងគេបំផុត ពោលគឺរហូតដល់ទៅ ១៥១ ដែលក្នុងនោះ មាន ១១២ អាសន:បានពីការគាំទ្រក្នុងមណ្ឌល និង ៣៥ អាសន:ផ្សេងទៀត បានពីក្នុងបក្ស ។
យោងតាមការស្ទង់មតិ ក៏បានបង្ហាញឱ្យដឹងទៀតថា គណបក្សភឿថៃ (Pheu Thai) ដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក៏ទទួលបានសន្ទុះការគាំទ្រច្រើនខ្លាំងផងដែរ ដោយអាចដណ្តើមបាន ១៤១ អាសន: នៅនៅចំណាត់ថ្នាក់លេខ ២ ខណ:ពេលដែលគណបក្សកាន់អំណាច គណបក្សរួបរួមជាតិថៃ (United Thai Nation) របស់លោក ប្រាយុទ្ធ ចាន់អូរចា វិញ ទទួលបានចំណាត់ថ្នាក់លេខ ៥ ប៉ុណ្ណោះ ក្នុងការបោះឆ្នោតក្នុងមណ្ឌល និងលេខ ៣ នៅក្នុងចំនួនសរុប ដែលមានអាសន:សរុប ៣៦ ។
យ៉ាងណាមិញ បើទោះបីជាគណបក្ស Move Forward ទទួលបានសម្លេងឆ្នោតច្រើនជាងគេក៏ដោយ ប៉ុន្តែមេដឹកនាំបក្ស លោក ភីថា លីមចារើនរ៉ាត់ មិនទាន់ត្រូវបានកំណត់ថានឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃបាននៅឡើយទេ ដោយសារតែច្បាប់រដ្ឋធម្មនុញ្ញបានចែងថា គណបក្សណាមួយដែលឈ្នះ ហើយអាចដឹកនាំរដ្ឋាភិបាលបន្ទាប់បាន គឺត្រូវការយ៉ោងហោចណាស់ ៣៧៦ អាសន: ដែលជាសំឡេងបូកបញ្ចូលគ្នាពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។
ជុំវិញហេតុផលនេះហើយ ទើបគណបក្សឈ្នះឆ្នោត Move Forward បានប្រកាសថា គណបក្សរបស់ខ្លួន និងគណបក្សចំនួន ៤ ផ្សេងទៀត រួមទាំងគណបក្សភឿថៃ ផងនោះ នឹងបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមានគណបក្ស ៥ រួមបញ្ចូលគ្នា ដើម្បីទទួលបានអាសន:សរុបចំនួន ៣០៩ នៅក្នុងជួររដ្ឋាភិបាល។
ហើយនោះវាមានន័យទៀតថា ឥឡូវនេះ វានឹងអាស្រ័យតែទៅលើសមាជិកព្រឹទ្ធសភាទាំង ២៥០ ដែលតែងតាំងដោយយោធាប៉ុណ្ណោះ ដែលត្រូវសម្រេចថា តើពួកគេនឹងផ្តល់ការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនេះដែរឬអត់ ខណ:សភាថៃ នឹងធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅក្នុងខែកក្កដាខាងមុខ ដូច្នេះមានពេលប្រហែល ២ ខែទៀត ដើម្បីចុះកិច្ចព្រមព្រៀងនេះ ។
សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតថ្នាក់ជាតិលើកនេះ គឺជាការបោះឆ្នោតថ្នាក់ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយចំនួនអ្នកដែលចូលរួមបោះឆ្នោត មានប្រហែល ៣៩,៥ លាននាក់ ឬស្មើទៅនឹង ៧៥% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត ក្នុងចំនួនសរុបជាង ៥២ លាននាក់ ៕