ក្រោយបរាជ័យក្នុងការបោះឆ្នោតសកល លោក ប្រាយុទ្ធ ចាន់អូរចា អំពាវនាវឲ្យមានការរួបរួមគ្នា

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូរចា បានអំពាវនាវឲ្យមានការសាមគ្គីភាព បន្ទាប់ពី​គណបក្ស​គាំទ្រ​ដោយយោធា​របស់លោក ទទួល​រង​ការ​បរាជ័យធ្ងន់ធ្ងរ​សម្រាប់ការបោះឆ្នោតសកល​នាពេលកន្លង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណបក្សរួបរួមជាតិថៃ (United Thai Nation Party) ទទួលបាន​សម្លេងគាំទ្រ​តែ ៣៦ អាសនៈ​ប៉ុណ្ណោះ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០ ខណៈគណបក្សប្រឆាំង ឆ្ពោះទៅមុខ (Move Forward Party) និងគណបក្សភឿថៃ (Pheu Thai Party) ទទួលបានសម្លេងគាំទ្រ ១៥២អាសនៈ និង ១៤១អាសនៈ។

យ៉ាងណា កាលពីថ្ងៃអង្គារកន្លងទៅ លោក ប្រាយុទ្ធ ក៏បាន​អបអរសាទរ​ជាមួយ​គណបក្ស​ប្រឆាំង​ក្នុងការ​ទទួល​បាន​ជ័យជំនះ​មួយ​នេះ ហើយលោក​នឹង​បន្តបំពេញ​តួនាទី​របស់​លោក​រហូត​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ស្របពេលអំពាវនាវឲ្យប្រជាជន​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍ប្រទេស​ថែមទៀត។

“​ខ្ញុំសុំអោយប្រជាពលរដ្ឋថៃទាំងអស់​ ធ្វើការរួមគ្នា​ដើម្បីកសាង​ក្ដីស្រលាញ់ និង​សាមគ្គីភាព ក៏ដូច​ជា​ធ្វើ​ឲ្យប្រទេសរបស់យើង​អាច​មានស្ថិរភាព​ ដោយមិនមានបញ្ហាអ្វីទាំងអស់”។ នេះបើតាម​សម្ដី​របស់​លោក​ប្រាយុទ្ធ​បាននិយាយ។

សូមជម្រាបដែរថា បច្ចុប្បន្ន​គណបក្សប្រឆាំង​កំពុង​ទទួល​ជ័យជំនះ​បណ្ដោះអាសន្ន ពោល​ត្រូវរង់ចាំ​រហូតដល់ខែកក្កដា ទើបអាច​កំណត់បានថា អ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រី ដ្បិត​ដើម្បី​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី និងកសាង​រដ្ឋាភិបាលថ្មីមួយ បេក្ខភាព​ត្រូវការ​សម្លេងគាំទ្រ​យ៉ាងហោចណាស់ ៣៧៦អាសនៈ ដែលជា​សម្លេងបូកបញ្ចូលគ្នាពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។

សូមជម្រាបបន្ថែមថា គណបក្សឆ្ពោះទៅមុខ​កំពុង​ជជែកគ្នាជាមួយ ៤ គណបក្សផ្សេងទៀត ដើម្បី​បូក​អាសនៈ ក្នុងការ​បង្កើតរដ្ឋាភិបាល​ថ្មីមួយ ខណៈ​គណបក្សទាំង ៥ កំពុង​ស្ថិតនៅក្នុង​ការ​ចរចា​គ្នា​នៅឡើយ៕