ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបានបិទបញ្ចប់ជាស្ថាពរនាល្ងាចថ្ងៃទី ១៧ ឧសភានេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនពេញកីឡដ្ឋានជាតិមរតកតេជោតែម្ដង។

ជាមួយគ្នានោះ សារព័ត៌មានអន្តរជាតិ Channelnewsasia ក៏បានចុះផ្សាយពីព្រឹត្តិការណ៍ដ៏ឱឡារិកមួយនេះផងដែរ ដោយបានកោតសរសើរពីទឹកចិត្តអ្នកគាំទ្រ ទោះជាមានភ្លៀងធ្លាក់ខ្លាំងបែបណា ក៏ពួកគេសុខចិត្តបាំងឆ័ត្រ និងពាក់អាវភ្លៀង ដើម្បីចូលរួមពិធីបិទស៊ីហ្គេមនេះផងដែរ។

ក្រុមហ៊ុនសារព័ត៌មានសិង្ហបុរីមួយនេះ ក៏បានសង្កត់ធ្ងន់ថា នេះគឺជាលើកទីមួយដែលកម្ពុជាទទួលបានការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយវាបានបញ្ចប់ទៅជាមួយនឹងភាពដ៏អស្ចារ្យមិនធ្លាប់មាន។

បន្ទាប់ពីការច្រៀងភ្លេងជាតិខ្មែរយ៉ាងរំជើបរំជួល និងការបាញ់កាំជ្រួច ការបង្ហាញភ្លើងដ៏គួរឱ្យចាប់អារម្មណ៍មួយត្រូវបានបន្លឺឡើងដោយសំឡេងគ្រហឹម ខណៈហ្វូងអ្នកទស្សនាយ៉ាងកក្រើកនៅលើទីលាន ជាមួយភ្លៀងស្រិចៗបានសម្ដែងការអបអរ ជាមួយក្បាច់គុនល្បុក្កតោដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា។

សូមជម្រាបដែរថាបន្ទាប់ពីបិទបញ្ចប់កីឡាស៊ីហ្គេមជាផ្លូវការ ដោយពន្លត់ភ្លើងស៊ីហ្គេម ទង់សហព័ន្ធកីឡាស៊ីហ្គេមត្រូវបានប្រគល់ទៅឲ្យប្រទេសថៃដែល នឹងធ្វើជាម្ចាស់ផ្ទះលើកក្រោយនៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៥៕