កិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងនាសប្ដាហ៍នេះ នឹងជជែកគ្នាពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងប្រទេស ២ ដែលមិនត្រូវបានអញ្ជើញចូលរួមគឺ ប្រទេសចិន និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយពី CNA។
មុនកិច្ចប្រជុំរយៈពេល ៣ថ្ងៃ ចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី ១៩ ឧសភា ក្រុមមេដឹកនាំ G7 នឹងពិភាក្សាគ្នាពីបញ្ហានៃប្រទេសរៀងៗខ្លួន និងគ្រោងធ្វើការរួមគ្នាប្រឆាំងនឹងសម្ពាធដែលទទួលបានពីរដ្ឋាភិបាលក្រុងប៉េកាំង និងរុស្ស៊ី។
ក្នុងនោះក្រុម G7 ហាក់មានការខ្លាចរអាចំពោះប្រទេសចិនច្រើនជាង ដោយសារពួកគេយល់ឃើញថា ចិនគឺកំពុងគម្រាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងសន្តិសុខសេដ្ឋកិច្ច ខណៈ G7 កំពុងរកមធ្យោបាយផ្ដល់ការព្រមានដល់ចិន ដែលមិនប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី។
គួររំលឹកដែរថា សមាជិក G7 ដែលមានដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី សុទ្ធសឹងតែមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនយ៉ាងស្អិតល្មួត។
ក្រៅពីបញ្ហាទាក់ទងនឹងចិន ក្រុមមេដឹកនាំ G7 ក៏មានគម្រោងរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចដែលកំពុងមានស្រាប់លើរុស្ស៊ីផងដែរ ដោយគ្រោងរឹតត្បឹតការនាំចេញថាមពលពីរុស្ស៊ីទៅកាន់ប្រទេសទី ៣ ដើម្បីបិទផ្លូវប្រាក់ចំណូលរបស់រុស្ស៊ី៕