អង្គការសហប្រជាជាតិ អំពាវនាវជំនួយ ៣ពាន់លានដុល្លារ ជួយប្រជាជនស៊ូដង់

អន្តរជាតិ

កាលពីថ្ងៃទី ១៧ ឧសភាកន្លងទៅ អង្គការសហប្រជាជាតិ(UN) បានអំពាវនាវ​សុំ​ជំនួយ​ប្រមាណ ៣,០៣ពាន់លានដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជនស៊ូដង់ ដែល​កំពុង​រងទុក្ខវេទនា​ ដោយសារ​សង្គ្រាម​ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដោយសារ​តែ​សង្គ្រាម​ដែល​ផ្ទុះឡើង​កាលពីខែមុន អាចធ្វើឲ្យ​ប្រជាជនស៊ូដង់​ច្រើនជាង ១លាននាក់ នឹង​រត់ភៀសខ្លួនទៅកាន់​ប្រទេសជិតខាង​ក្នុងឆ្នាំនេះ។

“ថ្ងៃនេះ ប្រជាជនប្រហែល ២៥លាននាក់ ច្រើនជាងពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ស៊ូដង់​សរុប ត្រូវការ​ជំនួយមនុស្សធម៌ និង​ការការពារ​យ៉ាងលឿនបំផុត។ នេះគឺជា​តួលេខខ្ពស់បំផុត​ដែល​យើង​បាន​ឃើញ​នៅក្នុង​ប្រទេសមួយនេះ”។​ នេះបើតាម​សម្ដី​របស់​លោក Ramesh Rajasingham ប្រធានការិយាល័យមនុស្សធម៌ នៃទីភ្នាក់ងារមនុស្សធម៌ UN។

សូមជម្រាបដែរថា ក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ​នោះ UN នឹងប្រើប្រាស់ ២,៥៦ពាន់លានដុល្លារ ដើម្បីជួយដល់​ប្រជាជន​នៅក្នុងប្រទេសស៊ូដង់ ខណៈ ៤៧០លានដុល្លារ​ទៀត សម្រាប់​ជួយ​ដល់​ប្រជាជន​ប្រមាណ ១,១លាននាក់ ដែល​កំពុង​រត់ភៀសខ្លួន​ពី​សង្គ្រាមស៊ីវិល៕