ចំនួនបុគ្គលមានទ្រព្យច្រើនបំផុតនៅហុងកុងធ្លាក់ចុះ ខណៈប្រទេស ៣នៅអាស៊ានហក់ឡើង Top 10

អន្តរជាតិ

ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនលើសលុប ឬគេនិយមហៅថា UHNWIs នៅទីក្រុង​ហុងកុង និងប្រទេសចិន​មានការធ្លាក់ចុះ​កាលពីឆ្នាំទៅ ខណៈនៅសិង្ហបុរី​បែរជា​មានការកើនឡើង​ខ្ពស់​ទៅវិញ។ នេះបើតាម​របាយការណ៍​ពី Knight Frank បាន​ចេញផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើបានកំណត់ន័យ បុគ្គលដែលមានទ្រព្យច្រើនជាង ៣០លានដុល្លារ នឹងរាប់ចូលជា UHNWI ខណៈ Henley & Partners កំណត់ន័យថា បុគ្គលដែលមានទ្រព្យច្រើនជាង ១លានដុល្លារ ស្ថិតក្នុង​ក្រុម High net worth individuals (HNWIs)។

ចំនួន UHNWIs នៅហុងកុង​ធ្លាក់ចុះប្រហែល ៦% កាលពីឆ្នាំទៅ មកនៅត្រឹម ៥ ៦៨៦នាក់ ប៉ុន្តែ Knight Frank ព្យាករ​ថា វានឹងកើនឡើងដល់ ៧ ២៨០នាក់​វិញ​នៅឆ្នាំ ២០២៧ ខណៈនៅប្រទេសចិន​មានចំនួន ៨៨ ០២៤នាក់ ថយចុះ ៥,៩%​កាលពីឆ្នាំ ២០២២។

ផ្ទុយស្រឡះពីទីក្រុងហុងកុង ចំនួន​បុគ្គលមានទ្រព្យច្រើនលើសលុប​នៅ​សិង្ហបុរី បែរជាឃើញ​មាន​ការ​កើនលើង​ប្រហែល ៦,៩%ទៅវិញ ស្របពេលចន្លោះឆ្នាំ ២០១២ ដល់ ២០២២ ចំនួន HNWIs នៅប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ី កើនឡើង ៤០% ខណៈនៅហុងកុងធ្លាក់ចុះ ២៧%។

សូមជម្រាបដែរថា ចន្លោះឆ្នាំ ២០២១ និង ២០២២ មានឈ្មោះប្រទេសនៅអាស៊ាន ៣ ក្នុងបញ្ជី Top 10 ប្រទេសដែលមាន UHNWIs ច្រើនបំផុតលើលោក ដែលក្នុងនោះមានដូចជា ម៉ាឡេស៊ី កើនឡើង ៩,៤% ឥណ្ឌូណេស៊ីកើនឡើង ៩% និងសិង្ហបុរីកើនឡើង ៦,៩%។

ដោយឡែក Knight Frank ក៏បានបន្ថែមទៀតថា ចន្លោះឆ្នាំ ២០២២ ដល់ ២០២៧ នឹងមានប្រទេសអាស៊ី ៥ ដែលនឹង​ជាប់ក្នុងបញ្ជី Top 10 ដោយ​ចំនួន​ UHNWI របស់ពួកគេ​អាចកើនចន្លោះពី ៤៤,៨ ដល់ ៥៨,៤% ខណៈប្រទេសទាំងនោះមាន​ដូចជា ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន ចិន និងម៉ាឡេស៊ី៕