នាថ្ងៃទី ១៨ ឧសភានេះ បេក្ខភាពនាយករដ្ឋមន្ត្រីថៃ ភីថា លីមចារើនរ៉ាត់ បានប្រកាសថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) របស់លោក នឹងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ ដោយមានការចូលរួមពីគណបក្ស ៧ ផ្សេងទៀត។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បក្សសម្ព័ន្ធទាំង ៨ នោះគឺមានដូចជា គណបក្សឆ្ពោះទៅមុខ (Move Forward Party) គណបក្សភឿថៃ គណបក្ស Prachachat គណបក្សសេរីនិយមថៃ (Thai Liberal Party) គណបក្ស Thai Sang Thai គណបក្សយុត្តិធម៌ (Fair Party) គណបក្ស Plung Sungkom Mai និងគណបក្ស Pue Thai Rumphlang។

ការចូលរួមពីគណបក្សទាំង ៨នេះ នឹងធ្វើឲ្យពួកគេមានអាសនៈសរុបចំនួន ៣១៣ អាសនៈ នៅក្នុងចំណោមសភាតំណាងរាស្ត្រ ដែលមាន ៥០០ អាសនៈសរុប។
លោកភីថា ក៏បានបង្ហើបឱ្យដឹងថា សម្ព័ន្ធកំពុងធ្វើការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីកំណត់ទិសដៅការងារ និងរបៀបវារៈរួមគ្នា ខណៈ MOU មួយនោះគឺ មានគោលបំណងដោះស្រាយវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសថៃ ហើយនឹងត្រូវផ្សព្វផ្សាយដល់សាធារណជននៅថ្ងៃទី ២២ ឧសភាខាងមុខ៕