តម្លៃផ្លែឈើរបស់ប្រទេសថៃ បានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការពីទីផ្សារប្រទេសចិន គួបផ្សំជាមួយនឹងការកែលម្អសេវាកម្មដឹកជញ្ជូន និងការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូនផងដែរ។ នេះបើតាមការចុះផ្សាយពី VNA ។
យោងតាមលោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ បានបង្ហាញឱ្យដឹងថា ស្ថាប័នរបស់ខ្លួន បាននិងកំពុងត្រួតពិនិត្យទៅលើតម្លៃ ហើយបានរកឃើញថាមានការកើនឡើងខ្លាំង ជាពិសេសសម្រាប់ផ្លែទុរេន និងមង្ឃុត ។
មិនតែប៉ុណ្ណោះ ដោយសារតែសេវាកម្មដឹកជញ្ជូនកាន់តែផ្តល់ភាពងាយស្រួល បានគាំទ្រដល់ការកើនឡើងនៃការដឹកជញ្ជូនផ្លែឈើចេញ នៅឆ្នាំនេះ នៅពេលដែលតម្លៃដឹកជញ្ជូនបានធ្លាក់ចុះ នាំឱ្យបរិមាណនាំចេញកើនឡើង ។
ទន្ទឹមនឹងនេះ លោក Wattanasak បាននិយាយទៀតថា បើទោះបីជាផលិតកម្មផ្លែឈើ បានកើនឡើង ៣% ដល់ចំនួន ៦,៧៥ លានតោនក៏ដោយ ប៉ុន្តែវាមិនបានធ្វើឱ្យមានបញ្ហាទៅលើតម្លៃនោះឡើយ ជាឧទាហរណ៍ សម្រាប់ផ្លែស្វាយ ដែលទើបតែបញ្ចប់រដូវកាលដាំដុះ បានរក្សាតម្លៃយ៉ាងល្អ ស្របពេលផ្លែឈើផ្សេងទៀតដូចជា ទុរេន និងមង្ឃុត ក៏មានតម្លៃខ្ពស់ផងដែរ ៕