កិច្ចប្រជុំកំពូល G7 ដែលកំពុងធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះសារនេះបានអញ្ជើញ ៨ ប្រទេសចូលរួម ក្រៅពីសមាជិកដើម ៧ប្រទេសរាប់ទាំងខ្លួនឯង។

យោងតាមការចុះផ្សាយពី BBC បានបង្ហាញថា កិច្ចប្រជុំមួយនោះ ក្រៅពីជប៉ុន អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អ៊ីតាលី និងសហភាពអឺរ៉ុប ម្ចាស់ផ្ទះក៏បានអញ្ជើញភ្ញៀវ ៨ ប្រទេសទៀតដូចជា អូស្ត្រាលី ឥណ្ឌា ប្រេស៊ីល កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូណេស៊ី កូម៉ូរ៉ូ (តំណាងឱ្យសហភាពអាហ្រ្វិក) និងកោះឃុក (តំណាងឱ្យវេទិកាប្រជុំកោះប៉ាស៊ីហ្វិក)។

គួររំលឹកដែរថា រយៈពេល ១៨ខែចុងក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបំពេញទស្សនកិច្ចក្រៅប្រទេស ១៦ជើង រួមទាំងប្រទេសឥណ្ឌា អាហ្រ្វិក និងអាស៊ីអាគ្នេយ៍ ដើម្បីបញ្ជាក់ដល់តំបន់ទាំងនេះថា មានជម្រើសជំនួសលុយ និងអំណាចរបស់ចិន និងរុស្ស៊ី។
សូមជម្រាបដែរថា បញ្ជីភ្ញៀវដែលត្រូវបានអញ្ជើញមកទីក្រុងហ៊ីរ៉ូស៊ីម៉ា បានឆ្លុះបញ្ចាំងពីការញ៉ែញ៉ងប្រទេសទាំងនេះ ដើម្បីទាក់ទាញអ្វីដែលមនុស្សជាច្រើនហៅថា “សកលខាងត្បូង” ដែលជាពាក្យប្រើសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ដែលសុទ្ធតែមានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចស្មុគស្មាញជាមួយរុស្ស៊ី និងចិន៕