ប្រធានាធិបតីអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំ G7 ដោយផ្ទាល់

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ត្រូវបាន​គេរំពឹងថា នឹងមានវត្តមានដោយផ្ទាល់​សម្រាប់កិច្ចប្រជុំ G7 នៅទីក្រុងហ៊ីរ៉ុស៊ីម៉ា ប្រទេសជប៉ុននាចុងសប្ដាហ៍នេះ ជាមួយគោលបំណង​សុំជំនួយបន្ថែមពីសម្ព័ន្ធមិត្ត ដែលជាប្រទេសអ្នកមានទាំងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីដែលបង្ហើបពីរឿងនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការធ្វើ​ដំណើរ​របស់​លោក Zelenskyy ឡើយ ដើម្បីរក្សា​សុវត្ថិភាពរបស់លោក ខណៈមេដឹកនាំក្រុម G7 ទាំងអស់​កំពុង​ជំនុំ​គ្នា​នៅ​ទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយសម្រាប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ នឹងជជែកគ្នាពីបញ្ហា​សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី NYTimes។

បន្ថែមពីនោះ ពួកគេក៏ទំនង​នឹង​ពិភាក្សាគ្នា​ពី​ការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម និងពិចារណា​ចំពោះ​សំណើ​សុំ​យន្តហោះចំបាំង F-16 ពីរដ្ឋាភិបាលទីក្រុងគៀវ ក៏ដូចជាអំពីលទ្ធភាពនៃការចរចាលើសន្ធិសញ្ញាបទឈប់បាញ់ ឬសន្តិភាពផងដែរ។

សូមជម្រាបដែរថា គិតមកទល់ពេលនេះមិនទាន់មានព័ត៌មានសាធារណៈណាដែល​បញ្ជាក់​ពី​ផែនការ​របស់​លោក Zelenskyy ឡើយ ខណៈសារព័ត៌មានអ៊ុយក្រែន​ចុះផ្សាយថា លោកនឹងចូលរួម​កិច្ចប្រជុំ​តាមរយៈ​អនឡាញ។

ប៉ុន្តែកន្លងទៅថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន​បាន​បំពេញទស្សនកិច្ច​ទៅអង់គ្លេស និង​តំបន់អឺរ៉ុប​មួយ​ចំនួន​រួចទៅហើយ ដូច្នេះ​លទ្ធភាព​នៃ​ការចូលរួមកិច្ចប្រជុំ​នៅជប៉ុន​ដោយផ្ទាល់​នៅតែមាន បើសិនជា​លោក​ត្រូវការ​ជំនួយ​ជាចាំបាច់៕