កិច្ចប្រជុំកំពូលក្រុមមហាអំណាចទាំង ៧ G7 កំពុងប្រព្រឹត្តនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលមានរយៈពេល ៣ថ្ងៃ ខណៈការប្រជុំសារនេះ នឹងជជែកគ្នាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការទប់ស្កាត់ការពង្រីកខ្លួនរបស់ចិន។
ជាមួយគ្នានោះ ប្រទេសចិនដែលមិនត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅជប៉ុន ក៏បានបើកកិច្ចប្រជុំធំមួយជាមួយ ៥ ប្រទេសនៅអាស៊ីកណ្ដាលនាថ្ងៃទី ១៩ ឧសភានេះផងដែរ។ នេះបើតាមការចុះផ្សាយពី NYTimes។
ការជួបជុំចិន-អាស៊ីកណ្តាលដែលបើកកំពុងធ្វើទៅនេះ គឺជាផ្នែកមួយនៃគោលបំណងទូលំទូលាយរបស់ប្រទេសចិន ក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសដែលមានគំនិតដូចគ្នា ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ក៏ដូចជាកំពុងព្យាយាមទប់ស្កាត់ និងបង្ក្រាបប្រទេសចិន។
គួររំលឹកដែរថា ប្រទេសចិនបានស្វាគមន៍មេដឹកនាំនៃអតីតសាធារណរដ្ឋសូវៀតចំនួនប្រាំ គឺកាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ខណៈកិច្ចប្រជុំមួយនេះនឹងធ្វើឡើងរយៈពេល ២ថ្ងៃ៕